
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារបានឲ្យដឹងថា នៅចុងឆ្នាំ២០១៧នេះ កម្ពុជាគ្រោងនឹងជ្រើសរើសពលការិនី ១ពាន់នាក់ ដើម្បីទៅបម្រើការជំនួយការមេផ្ទះជាលើកដំបូង នៅទីក្រុងហុងកុង។ ការថ្លែងរបស់ឯកឧត្ដម អ៊ិត សំហេង បែបនេះបានធ្វើក្នុងជំនួបជាមួយរដ្ឋលេខាធិការនៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពហុងកុង កាលពីព្រឹកមិញនេះ។
ឯកឧត្ដមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា ការជ្រើសរើសពលការិនីនេះ គឺជាគម្រោងសាកល្បងដំបូងមួយ ហើយសង្ឃឹមថាអាចនឹងជ្រើសរើសបាន ដោយសារតែនៅហុងកុង មានប្រាក់ឈ្នួលល្អបង្គួរចាប់ពី ៥៥០ដុល្លារឡើងទៅ មានលក្ខខណ្ឌការងារល្អ និងរួមបញ្ចូលទាំងការធានារ៉ាប់រងផ្នែកសុខភាព ការឈប់សម្រាក និងការការពារសិទ្ធិប្រយោជន៍ផ្សេងៗ។
ឯកឧត្តមបញ្ជាក់ទៀតថា ក្នុងការបញ្ជូនពលករនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណឲ្យ ៦ក្រុមហ៊ុនប្រតិបត្តិការជ្រើសរើសបណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលការិនីខ្មែរ ទៅបម្រើនៅហុងកុង។ ក្រុមហ៊ុនទាំងនោះមាន៖ ក្រុមហ៊ុន ថប មេនផៅវ័រ, ក្រុមហ៊ុន អានីរីតា បេសមេនផៅវ័រ, ក្រុមហ៊ុន អ៊ឹង វិទ្ធីគ្រុប, ក្រុមហ៊ុន សុខលាភ មេត្រី, ក្រុមហ៊ុន អេលីត មេនផៅវ័រ អេនជេនស៊ី និងក្រុមហ៊ុន វីនវីន មេនផៅវ័រ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន កម្ពុជា មានពលករ-ពលការិនីខ្មែ ជាង ១លាន នាក់(១,១៥០,០០០នាក់) ដែលកំពុងស្នាក់នៅ និងបម្រើការងារនៅក្រៅប្រទេស ដោយក្នុងនោះ មាននៅប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរីជាដើម៕