
កាសែតក្លឹបអ្នកមានបារាំងមានមូលដ្ឋាននៅទីក្រុងប៉ារីស PSG បានរៀបចំកញ្ចប់ទឹកប្រាក់៨០លានផោន ទិញយកខ្សែប្រយុទ្ធ Alexis Sanchez ពី Arsenal ក្រោយពេលជោគជ័យក្នុងការធ្វើពាណិជ្ជកម្មជាមួយNeymar តម្លៃ១៩៨លានផោនកាលពីសប្ដាហ៍មុន។
បែបនេះពិតជាធ្វើឲ្យ Arsenal ត្រូវបាត់បង់កីឡាកររបស់ខ្លួនហើយ ក្រោយពេលកុងត្រារបស់កីឡាករជម្រើសជាតិឈីលីនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ។ អញ្ចឹងក៏ដោយប្រភពមួយចំនួនថា Sanchez ចង់ទៅលេងនៅ Man City ជាងក្រោយពេលអតីតគ្រូបង្វឹករបស់ខ្លួនលោក Pep Guadiola ផ្ដល់ឱកាសឲ្យរូបគេទៅលេង ហើយពេលនេះភាពប្រទាញប្រទង់គ្នាធ្វើឲ្យព័ត៌មានដោះដូរកីឡាកររបស់គាត់ មានភាពចម្រូងចម្រាសកាន់តែខ្លាំង។
PSG កំពុងមានទំនុកចិត្តក្នុងការដេញថ្លៃ ក្រោយពេលក្លឹបបារាំងមួយនេះ បានបង្ហាញកញ្ចប់ហិរញ្ញវត្ថុខ្ពស់ឲ្យទៅកីឡាករ ហើយបើតាមប្រភព The Sun, Sanchez អាចទទួលបានប្រាក់ឈ្នួល៤សែនផោនក្នុងមួយសប្ដាហ៍។ ប្រាក់ឈ្នួលបែបនេះគឺមានចំនួនច្រើនជាងអតីតកីឡាករ Barcelona រកបាននៅ Emirates Stadium ទៅទៀតគឺបានតែ២៥ម៉ឺនផោនប៉ុណ្ណោះ។
បែបណាក្ដី! ប្រភពជាច្រើនទៀតថា លោក Wenger ទំនងនឹងបន្តកុងត្រាឲ្យកីឡាករវ័យ២៧ឆ្នាំជាមួយនឹងប្រាក់ឈ្នួលទ្វេរដង ពីព្រោះគ្រូបង្វឹកសញ្ជាតិបារាំង មិនចង់បាត់បង់ខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេរបស់ក្លឹបទៅកាន់គូរប្រជែងដទៃទៀត៕
