
ចូលដល់ខែកញ្ញានេះ ពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតចូលមកដល់ហើយ ដោយពិធីដាក់បិណ្ឌ គឺចាប់ផ្ដើមវេនកាន់បិណ្ឌទី១ នៅថ្ងៃទី៦ ខាងមុខនេះ ខណៈដែលពិធីបុណ្យចេញវស្សានៅប្រមាណជាង១ខែទៀតប៉ុណ្ណោះ។ ដូច្នេះចង់ដឹងទេសម្រាប់កូនចៅទៅលេងស្រុកកំណើតខែភ្ជុំ ត្រូវធ្វើអ្វីមុនគេបង្អស់?
តាមពិតឥតលំបាកអីបន្តិចសោះ! យោងតាមព្រះតេជគុណ គូ សុភាព គង់នៅវត្តគល់ទទឹង និងជាសាស្ត្រាចារ្យអប់រំផ្នែកព្រះពុទ្ធសាសនានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានលើកឡើងក្នុងវីដេអូខ្លីមួយបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា កាតព្វកិច្ចទី១របស់កូនៗពេលចុះពីលើយានជំនិះទៅ គឺត្រូវក្រាបថ្វាយបង្គំអ្នកមានគុណ ដោយសេចក្ដីគោរពបំផុត មិនថាលោកកំពុងធ្វើអ្វី ឬសំលៀកបំពាក់បែបណាឡើយ។
ព្រះតេជគុណបានបន្តថា រឿងនេះអត់មានអ្វីពិបាកធ្វើនោះទេ ប៉ុន្តែកូនៗខ្លះមិនសូវបានយកចិត្តទុកដាក់ ហើយអៀនខ្មាសអ្នកមានគុណទៅវិញ ប៉ុន្តែមកថ្វាយបង្គំព្រះសង្ឃបែរជាក្រាបសំពះក្បាលដល់កន្ទេលហើយអត់អៀនខ្មាសសោះ ខណៈដែលព្រះអង្គក្តី និងព្រះសង្ឃទូទៅដទៃទៀតក្តីមិនមែនត្រូវជាសាច់ញាតិក្បែរគ្នាសូម្បីតែបន្តិច។
គុណម្ចាស់បញ្ជាក់ថា តាមពិតការក្រាបថ្វាយបង្គំនេះ បើកូនៗទម្លាប់ធ្វើឲ្យបានញឹកញាប់នោះ វានឹងក្លាយទៅជាទម្លាប់ធម្មតា ហើយគ្មានអ្វីត្រូវអៀនខ្មាសនោះទេ ការថ្វាយបង្គំ ការគោរពប្រតិបត្តិអ្នកមានគុណជាទង្វើដ៏ប្រសើរខ្លាំងណាស់។ ម្យ៉ាងទៀតត្រូវជូនលុយដល់ពួកគាត់ឲ្យបានច្រើនៗ សម្រាប់គាត់ទុកចាយបន្តទៀត តាមដែលធ្វើទៅបាន ព្រោះពេលវេលាទៅលេងពួកគាត់មិនច្រើននោះទេ៕