
ប្រធានាធិបតីអាមេរិកលោក Donald Trump បានច្រានចោលការអះអាងដែលថា ការផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុក (Facebook ) បានធ្វើឲ្យគាត់ជាប់ឆ្នោត និងហៅបណ្ដាញសង្គមនេះជា ប្រព័ន្ធផ្សព្វផ្សាយពហុបក្ស។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយយប់ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
លោក Trump បានអះអាងថា ហ្វេសប៊ុក តែងតែប្រឆាំងនឹងរូបលោក ដោយដើរតួជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំ ដូចជាកាសែត New York Times និង the Washington Post ដើម្បីគាំទ្រគូប្រជែងរបស់ខ្លួន គឺលោកស្រី Hillary Clinton ក្នុងអំឡុងយុទ្ធនាការរកសំឡេងផងដែរ។
កាលពីដើមខែនេះក្រុមហ៊ុន ហ្វេសប៊ុក បានប្រកាសថា ខ្លួនបានរកឃើញការផ្សព្វផ្សាយពាណិជ្ជកម្មចំនួន ១សែនដុល្លារ ដែលមានភ្ជាប់នឹងគណនី និងទំព័រមិនត្រឹមត្រូវចំនួន ៤៧០ ដែលទំនងជាដំណើរការដោយប្រទេសរុស្ស៊ី។
នៅថ្ងៃអង្គារ ខែកញ្ញា មេដឹកនាំសភាអាមេរិក បានផ្ញើលិខិតទៅកាន់ក្រុមហ៊ុន ហ្វេសប៊ុក Google និង Twitter ស្នើសុំឲ្យក្រុមហ៊ុនផ្ដល់ព័ត៌មានគ្រប់ប្រភេទទាំងអស់ អំពីថា តើរុស្ស៊ី បានទិញសម្លេងប្រឆាំងឬក្លែងបន្លំ និងការផ្សាយពាណិជ្ជកម្ម កាលពីខែមករា ឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន អតីតបុគ្គលិកហ្វេសប៊ុក បានអះអាងថា ក្រុមហ៊ុននេះ បានទប់ស្កាត់រឿងរ៉ាវ នៃការចាប់អារម្មណ៍ចំពោះអ្នកអភិរក្សពីផ្នែកព័ត៌មាន ដែលមានឥទ្ធិពលលើបណ្ដាញសង្គម បើយោងតាមការលើកឡើង ដោយគេហទំព័រ Gizmodo ដែលបោះពុម្ពផ្សាយ៕
