
នៅមុននេះបន្តិច នាព្រឹក ម៉ោង ០៩ និង ៤៥ នាទី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បានលាចាកពីលោកនេះហើយ ក្នុងជន្មាយុ ៩១ ឆ្នាំ ដោយសារស្ថាន ភាពជំងឺរបស់លោកមានសភាពធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបាន នេះបើយោងតាម ឯកឧត្តម ហង្ស ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់ ។

សូមជម្រាបជូនថា ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត លោកគឺជាបុគ្គល ដែលមានភាពល្បីល្បាញនៅក្នុងសង្គមស្ថាបត្យកម្មថ្មីរបស់ខ្មែរ ដែលមានការរីក ចំរើនខ្លាំងនៅក្នុងទសវត្សឆ្នាំ១៩៥០ និង ១៩៦០។


ស្នាដៃដែលមានភាពល្បីរន្ទឺរបស់លោករួមមាន វិមានឯករាជ្យ សាលសន្និសីទចតុមុខ ស្តាតអូឡាំពិក និងអាគារសំខាន់ៗផ្សេងៗមួយចំនួនទៀត ដូចជាសាលមហោស្រពជាតិព្រះសុរាម្រឹត,សំណង់ផ្ទះ១០០ខ្នង ,វិមានរដ្ឋចម្ការមន,សកលវិទ្យាល័យភូមិន្ទ,វិទ្យាស្ថានភាសាបរទេស និង ប្លង់វត្តអារាម ក៏ដូចជា ស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។

ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បានចំណាយពេលជាច្រើនឆ្នាំដើម្បីសម្រាកព្យាបាលជំងឺ ក្នុងជីវិតចុងក្រោយ របស់លោក នៅឯគេហដ្ឋាន នៅទីរួមខេត្តសៀមរាប ដែលលោកបានសម្រេចចិត្តមករស់នៅទីនេះ តាំងពី៣ឆ្នាំមុន ពោលគឺពេលដែលលោកមានអាយុ៨៨ឆ្នាំ ។ ភូមិគ្រឹៈនេះ ស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងជីវិតចុងក្រោយនេះ ក្រុមគ្រួសាររបស់លោក ក៏បានសាងសង់ ចេតិយមួយរួចរាល់ហើយ សម្រាប់អោយលោក និងភរិយា នៅក្នុងបរិវេណនៃគេហដ្ឋានរបស់លោកផ្ទាល់តែម្តង៕


វណ្ណម៉ូលីវណ្ណ «ខ្ញុំខ្មែរ ខ្ញុំធ្លាប់រស់នៅក្នុងផ្ទះឈើ ប្រក់ក្បឿង ដូច្នេះ ខ្ញុំត្រូវតែស្រឡាញ់របស់ហ្នឹង។ ខ្ញុំកើតក្នុងអត្តសញ្ញាណខ្មែរ ដូច្នេះ ខ្ញុំត្រូវតែរក្សាអត្តសញ្ញាណរបស់ខ្មែរក្នុងស្ថាបត្យកម្មរហូតដល់ជីវិតចុងក្រោយរបស់ខ្ញុំ»។
