
នៅមុននេះបន្តិច សមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យ ដែលល្បីតាម Facebook ខាងអាគមអូមអាម និងដាក់ឈ្មោះខ្លួនឯងជា «គ្រូអគ្គីនេត្រ» ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន មកកាន់មន្ទីរប្រឆាំងគ្រឿងញៀន។
ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយ លោក ដាំ ឈឿន នាយករងមន្ទីរ និងក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។
ក្រោយពីសមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រ ទៅតុលាការ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅល្ងាចថ្ងៃដដែរនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរូបនេះទៅមន្ទីរប្រឆាំងគ្រឿងញៀនវិញហើយ ដោយរងចាំបន្តនីតិវិធីនាព្រឹកស្អែក។
មហាជនកំពុងរងចាំមើលថា តើព្រះគ្រូ ហោរ៉ា អាគ្គីនេត្រ ដែលមានវេទមន្ត និងមន្តអាគម កាប់មិនមុតដុតមិនឆេះ រូបនេះ អាចជ្រែកគុកបានដែរឬទេ?





