
កំពង់ស្ពឺៈ ស្ទើរតែមួយគ្រួសារទៅហើយ ប្រធានរដ្ឋបាលមន្ទីរផែនការខេត្តកំពង់ស្ពឺ កូនស្រី និងកូនប្រសារដែលជាមេក្លោងគ្រឿងញៀន ត្រូវកម្លាំងប៉េអឹមខេត្តកំពង់ស្ពឺ ចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀនសរុប៤នាក់ និងវត្ថុតាងមួយចំនួនធំ រួមមានកាំភ្លើងផងដែរ។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនស្ទើរមួយគ្រួសារនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឲ្យដឹងថា មន្ទីរយុត្តិធម៌ និងកម្លាំងមូលដ្ឋានកងរាជអាវុធក្រុងច្បារមន ចំនួន១៥នាក់ ដឹកនាំដោយអនុសេនីយ៍ឯក ទិត្យ វណ្ណៈ ប្រធានមន្ទីរយុត្តិធម៌ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដេញបង្ក្រាបជនសង្ស័យចំនួន២នាក់ តាំងពីក្រោយផ្សារកំពង់ស្ពឺ រហូតពួកគេបានរត់ចូលផ្ទះ ខណៈមុនពេលចូលផ្ទះជនសង្ស័យបានបោះគ្រឿងញៀន និងសម្ភារៈតាមផ្លូវជាច្រើន ដែលត្រូវពលរដ្ឋរើសយកបាត់អស់។
លោកមេបញ្ជាការបានបន្តថា ទោះជាយ៉ាងណា កម្លាំងនៅតែបន្តបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀននេះ នៅភូមិឃុំខាងលើទទួលបានជោគជ័យ ដោយឃាត់បានខ្លួនជនសង្ស័យសរុបចំនួន៤នាក់ រួមមាន ទី១ឈ្មោះ យី សំបូរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់ខាងលើ (ជាមេចែកចាយគ្រឿងញៀន) ទី២ឈ្មោះ នួន សារិទ្ធឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា (ជាអ្នកដើរចែកចាយ) ទី៣ឈ្មោះ កែម សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរប្រធានរដ្ឋបាលមន្ទីរផែនការខេត្តកំពង់ស្ពឺ មានទីលំនៅជាមួយគ្នា (ជាម្ចាស់ផ្ទះ) និងជាឪពុកជនសង្ស័យទី៤ ឈ្មោះ ម៉ាក់ សុម៉ាលី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានទីលំជាមួយគ្នា(ជាប្រពន្ធ របស់មេចែកចាយឈ្មោះ យី សំបូរ)។ ក្នុងពេលប្រតិបត្តិការកម្លាំង បានដកហូតសម្ភារៈ និងវត្ថុតាង រួមមាន ថ្នាំញៀនម៉ាទឹកកក ចំនួន២កញ្ចប់ធំ ស្មើរនឹង២០៤,៣៥ក្រាម, ជញ្ជីងថ្លឹងថ្នាំ១, កាំភ្លើងខ្លី១ដើម ម៉ាក BERETTA (បាញ់គ្រាប់ជ័រ) រួមនឹងគ្រាប់ជ័រ១០០គ្រាប់, ម៉ូតូសម្រាប់ធ្វើមធ្យោបាយចែកចាយចំនួន២គ្រឿង និងដបថ្នាំសម្រាប់ជក់១។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕










