
កណ្ដាល៖ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៦ និង ២៥នាទី មានករណីគួរឲ្យភ្ញាក់ផ្អើលមួយបណ្ដាលឲ្យស្រ្តីម្នាក់ រងរបួសដោយសារផ្ទុះកំប៉ុងហ្គាស។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ផ្ទះលក់ចាបហួយ មួយកន្លែងនៅ ភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ មានឈ្មោះថា មោះ មី រឿន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (រងរបួសត្រង់ក្បាលពោះ) ។
ម្ចាស់ផ្ទះឈ្មោះ ហ៊ត សុខលី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ចាប់ហួយ។
តាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ មី រឿន បានដើរទៅផ្ទះលក់ចាបហួយ របស់ឈ្មោះ ហ៊ត សុខលី ដើម្បីទិញស្រាថ្នាំផឹក ។ ពេលទៅដល់ក៏បានទិញស្រាចំនួន ២០០៛ រួចឈរផឹកនៅទីនោះ ខណៈនោះកំប៉ុងហ្គាស ដែលម្ចាស់ផ្ទះបានដាក់លក់ក្បែរនោះ ក៏ស្រាប់តែផ្ទុះបណ្ដាលអោយខ្ទាចកំប៉ុងត្រូវជនរងគ្រោះ ចំក្បាលពោះ រងរបួសដាច់រលាត់ចេញឈាមតែម្ដង។
ភ្លាមៗនោះ ម្ចាស់ផ្ទះលក់ចាបហួយខាងលើ ក៏បានដឹកជនរងគ្រោះ មកកាន់មន្ទីពេទ្យបង្អែកស្រុកកោះធំតែម្ដង ។បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកោះធំ ៕


