
មេបញ្ជាការកងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយថា កងកម្លាំងនាវាចរណ៍ បានធ្វើសមយុទ្ធគ្រាប់ពិតទ្រង់ទ្រាយធំមួយទៀត នៅលើដែនសមុទ្រខាងកើតប្រទេស ក្រោយការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី៦ របស់កូរ៉េខាងជើងនាពេលថ្មីៗនេះ។ បើយោងតាមគេហទំព័រសារព័ត៌មាន sputnik បានចុះផ្សាយព្រឹកថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
មេបញ្ជាការកូរ៉េខាងត្បូងលោក Choi Young-chan មកពីកងទ័ពជើងទឹកលេខ 13th បានប្រាប់ឲ្យដឹងថា នាវាយោធាជាច្រើនគ្រឿង ដែលចូលរួមធ្វើសមយុទ្ធមាន នាវាល្បាត នាវាផ្ទុកមីស៊ីលប្រដេញ នាវាចម្បាំង និងកប៉ាល់ល្បឿនលឿនជាដើម។ ជុំវិញការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះ កងទ័ពជើងទឹកកូរ៉េខាងត្បូងបានបញ្ជាក់ថា "ប្រសិនបើសិនសត្រូវហ៊ានបង្ករឿង មិនថានៅក្រោម ឬក៏លើផ្ទៃទឹកនោះឡើយ យើងនឹងធ្វើការវាយប្រហារបកទៅវិញភ្លាមៗ ហើយពន្លិចសាកសពពួកគេចោល នៅក្រោមបាតសមុទ្រតែម្តង"។
គួររម្លឹកផងដែរថា កាលពីម្សិលមិញ យោធាកូរ៉េខាងត្បូង ទើបធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើមីស៊ីលផ្លោង Hyunmoo-2A និងមីស៊ីលប្រដេញ បាញ់ចេញពីយន្តចម្បាំង F-15K ជាការឆ្លើយតបចំពោះ ការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី០៦ របស់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យកន្លងទៅ៕

