
អ្នកតស៊ូមតិផ្នែកអប់រំស្ត្រី វ័យក្មេងជាងគេ ដែលទទួលពានរង្វាន់ណូបែលសន្តិភាព បានអំពាវនាវអោយលោកស្រី អ៊ុង សានស៊ូជី ថ្កោលទោស សោកនាដកម្មទៅលើជនជាតិរ៉ូហ៊ីងយ៉ា ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចេញផ្សាយនារសៀលថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកតស៊ូមតិផ្នែកអប់រំកញ្ញា Malala Yousafzai អាយុ ២០ឆ្នាំ បានរិះគន់លោកស្រី អ៊ុង សានស៊ូជី ដែលជាសមាជិកក្រុមប្រឹក្សារដ្ឋ និងជាមេដឹកនាំ ទាក់ទងនឹងភាពស្ងប់ស្ងាត់របស់លោកស្រីលើស្ថានភាពលំបាករបស់ប្រជាជនរ៉ូហ៊ីងយ៉ា ដែលត្រូវបានភៀសខ្លួនចេញពីការបង្ក្រាបយ៉ាងឃោរឃៅរបស់យោធាមីយ៉ាន់ម៉ា។ នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិរ៉ូហ៊ីងយ៉ា ៣ម៉ឺននាក់គ្មានទីកន្លែងស្នាក់នៅ មិនមានស្បៀងអាហារ ទឹក ឬថ្នាំពេទ្យព្យាបាលគ្រប់គ្រាន់។
គួរបញ្ជាក់ផងដែរថា បើយោងតាមអង្គការសហប្រជាជាតិ ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ៧៣.០០០នាក់ ត្រូវបានរត់ភៀសខ្លួនទៅកាន់ព្រំដែនជាប់ប្រទេសបង់ក្លាដេស ចំណែកឯមនុស្សជិត ៤០០នាក់ភាគច្រើនជា ជនជាតិរ៉ូហ៊ីងយ៉ា បានស្លាប់ដោយសារការប៉ះទង្គិចគ្នារវាងកម្លាំងរដ្ឋាភិបាល និងកងជីវពលរ៉ូហ៊ីងយ៉ា ដែលផ្ទុះឡើងខ្លាំង កាលពីថ្ងៃទី២៥ ខែសីហាមកម្លេះ៕

