ភ្នំពេញៈ យុវជនម្នាក់ស្រវឹងស្រាជោគជាំ បើករុឺម៉កម៉ូតូទៅបុកគូថរថយន្តមួយគ្រឿង បណ្ដាលឲ្យរងរបួសខ្លួនឯង កាលពីវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងរបួសឈ្មោះ សេង វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ មុនរបរកម្មករសំណង់ ស្នាក់នៅបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរប៉ុស្តិ៍ផ្សាដើមថ្កូវបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងរបួសខាងលើ ជិះម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង ម៉ាកយ៉ាម៉ាហាសុីរុស ពណ៌សលាយខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ទាំងខ្លួនស្រវឹងជោគជាំ។ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏ជ្រុលទៅបុកគូថរថយន្តមួយគ្រឿង ម៉ាកនីហ្សាន់ ណាវ៉ារ៉ា ពណ៌ស មិនចាំស្លាក់លេខ បណ្ដាលឲ្យរថយន្តបែកស្តុប និងធ្លាក់កាង ចំណែកម៉ូតូបង្ក រងការខូចខាត់ស្ទើរតែទាំងស្រុង រីឯ អ្នកបើកម៉ូតូរបួសបែកក្បាល ឈាមហូរស្រោចខ្លួនតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរផ្លូវគោកចុះវាស់វែង និងបញ្ជូនជនរងរបួសជាជនបង្កតាមរថយន្តសង្គ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅមន្ទីររុស្សុី)៕







