Sponsor
Amapapa News

ភ្នំពេញៈ ស្ទើរតែមិនអាចជឿ និងនឹកស្មានមិនដល់សម្រាប់ប្រមាណជាងមួយខែ សមត្ថកិច្ចបានឃាត់ខ្លួនប្រធានគណបក្ស ដែលមានឈ្មោះក្នុងការប្រកួតប្រជែងសន្លឹកឆ្នោតចំនួនបីរូបក្រោមបទល្មើសផ្សេងគ្នា ជាបន្តបន្ទាប់។

ប្រធានគណបក្សនយោបាយចំនួនបីរួមមាន៖ ទី១, លោក សួន សេរីរដ្ឋាប្រធានគណបក្ស អំណាចខ្មែរ ត្រូវបានសមត្ថកិច្ចឃាតខ្លួនកាលពីថ្ងែទី១៣ ខែសីហាឆ្នាំ២០១៧  ក្រោមបទប្រមា ថមើលងាយដល់កងកម្លាំងប្រដាប់អាវុធ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។

ការឃាត់ខ្លួននេះ បន្ទាប់ពីលោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យស័ក្តិ ប្រមូលបានលុយកាក់សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង!។ ពីព្រោះកន្លងមកដូចយើងដឹងហើយសង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ  ក្រោយ ចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»

ទី២,លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១៧ ក្រោមបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុ សម្រាប់ផ្សំគ្រឿងញៀនដែលបានប្រព្រឹត្តកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកន្លងមក។

ទី៣,លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ ក្រោមបទមានផែនការសម្ងាត់នៃការឃុបឃិតជាមួយបរទេស គឺអំពើក្បត់ជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាក្តីប្រធានគណបក្សនយោបាយទំាងបីរូបត្រូវបានសមត្ថកិច្ចដាក់នៅក្នុងពន្ធនាគារផ្សេងគ្នា ដោយលោក កឹម សុខា ត្រូវបានបញ្ជូនពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ  ចំណែកលោក ញឹក ប៊ុនឆៃ និងលោក សួន សេរីរដ្ឋា នៅពន្ធនាគារជាធានីភ្នំពេញ(PJ)៕

មេបក្សធំៗ​បី​ នៅកម្ពុជា​ ត្រូវប៉ូលិសចាប់ខ្លួន​ជាបន្តបន្ទាប់​ ក្រោមបទល្មើសផ្សេងគ្នា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor