Sponsor
Amapapa News

ភ្នំពេញៈ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស លោក​ Zeid Ra'ad Al Hussein​ មានការព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងខ្លាំងនៅកម្ពុជា​ ដែលទំនងជាត្រូវបានអនុវត្តន៍ដោយគ្មានការគោរពចំពោះការធានាតាមនីតិវិធីត្រឹមត្រូវ។

យោងតាមទំព័រហ្វេសប៊ុកករបស់លោក​ កឹម​ សុខា​ នៅយប់ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០១៧​ បានឲ្យដឹងថា​ "​សេចក្តីអត្ថាធិប្បាយ​របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស​ ស្តីពីការចាប់ខ្លួនលោក កឹម សុខា។

"ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលទំនងជាត្រូវបានអនុវត្តន៍ដោយគ្មានការគោរពចំពោះការធានាតាមនីតិវិធីត្រឹមត្រូវ រួមទាំងការគោរពចំពោះអភ័យឯកសិទ្ធិសភារបស់លោក"

អង្គការសហប្រជាជាតិ​ បន្ដទៀត​ថា​ លោក​ កឹម​ សុខា​ ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ​ ដែលប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលចន្លោះពី១៥ទៅ៣០ឆ្នាំ ដោយផ្អែកលើវីដេអូទាក់ទិននឹងសុន្ទរកថា ដែលលោកបានថ្លែងកាលពីឆ្នាំ២០១៣ ហើយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈចាប់តាំងពីពេលនោះមក។

អង្គការសហប្រជាជាតិ​ ក៏មានការព្រួយបារម្ភផងដែរ អំពីសេចក្តីថ្លែងការណ៍ជាសាធារណៈជាច្រើន​ របស់នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ ចំពោះការសន្មត់ពិរុទ្ធភាពរបស់​លោក កឹម សុខា ដែលជាការរំលោភលើគោលការណ៍នៃការសន្មត់ជាមុនអំពីការគ្មានទោស និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលលោកត្រូវមានសិទ្ធិទទួលបានក្រោមច្បាប់កម្ពុជា និងច្បាប់ស្តីពីសិទិ្ធមនុស្សអន្តរជាតិ។

ការចាប់ខ្លួនរបស់លោក កឹម សុខា គឺជារឿងគួរឲ្យព្រួយបារម្ភបំផុត ដោយសារការចាប់ខ្លួននេះ កើតឡើងចំពេលមានវិធានការថ្មីៗជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

វិធានការទាំងនេះ បាននាំឲ្យមានការបិទអង្គការក្រៅរដ្ឋាភិបាលបរទេសមួយ និងបានប៉ុនប៉ងមកលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនានា ដែលរួមទាំងស្ថានីយ៍វិទ្យុជាច្រើន និងកាសែតជាភាសាអង់គ្លេសឯករាជ្យដ៏សំខាន់មួយ គឺ The Cambodia Daily ដែលឥឡូវត្រូវបានបង្ខំឲ្យបញ្ឈប់ការបោះពុម្ពផ្សាយ បន្ទាប់ពីបានប្រតិបត្តិការអស់រយៈពេល២៤ឆ្នាំ​។

ពាក់ពន្ធ័​បញ្ហាទាំងនេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានធ្លាប់មានប្រសាសន៍​ថា “បើបក្សចេញមុខមកការពារបុគ្គល បក្សក៏ត្រូវប្រឈមនឹងការរំលាយចោលដែរ។ កុំថាប្រទេសនេះ ផ្តាច់ការអត់ទេ រដ្ឋអធិបតេយ្យមួយមិនអាចឲ្យបរទេសមកធ្វើរបៀបនេះទេ នេះជាអំពើក្បត់ជាតិ យកផលប្រយោជន៍ ជាតិឲ្យបរទេស អ្វីៗដើម្បីតែផ្តួលរំលំឡើងកាន់អំណាចខ្លួនឯង។ អាមេរិកាំង ធ្លាប់ធ្វើរឿងនេះជាមួយ លន់ នល់ អាមេរិកាំង ក៏ធ្វើរឿងនេះ ជាមួយ កឹម សុខា ទៀត”

សម្តេច​ ហ៊ុន​ សែន​ ក៏បានអំពាវនាវដល់​ពលរដ្ឋនៅទូទាំងប្រទេស រក្សាភាពស្ងៀមស្ងាត់ ដោយទុកឲ្យតុលាការដោះស្រាយតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor