Sponsor
Amapapa News

ភ្នំពេញៈ ស្ងាត់ៗ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរចម្លើយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារត្រពាំងថ្លុង នារសៀលថ្ងៃទី៤ ខែកញ្ញានេះ ហើយបាន និងកំពុងពិនិត្យលើឯកសារ និងភស្តុតាងនានា។ យ៉ាងណា នីតិវិធីនៃការសួរចម្លើយនេះ នៅមិនទាន់បញ្ចប់នៅឡើយទេ ពោល គឺនឹងបន្តនីតិវិធីនៅថ្ងៃស្អែកបន្តទៀត។ នេះបើតាមការបញ្ជាក់ពីមន្ត្រីតុលាការក្រុងភ្នំពេញ។

អ្នកនាំពាក្យតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង លី សុផាណា ប្រាប់អ្នកសារព័ត៌មានតាមបណ្ដាញសង្គមតេឡេក្រាម នាព្រលប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា “តំណាងអយ្យការ បានបញ្ចប់ការសាកសួរចម្លើយឈ្មោះ កឹម សុខា នារសៀលថ្ងៃនេះ រួមទាំងកំពុងពិនិត្យលើឯកសារ និងភស្តុតាងនានា ហើយនឹងបន្តចំណាត់ការតាមនិតិវិធីនៅថ្ងៃស្អែកបន្តទៀត”

លោក កឹម សុខា ត្រូវបានចាប់ខ្លួនដោយកម្លាំងសមត្ថកិច្ចកម្ពុជា ពីបទក្បត់ជាតិ ហើយបញ្ជូនទាំងយប់ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុង ឯខេត្តត្បូងឃ្មុំ ជាហេតុធ្វើឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានី លោកព្រះរាជអាជ្ញារង គុជ គឹមឡុង ត្រូវធ្វើដំណើរទៅសួរចម្លើយមេដឹកនាំបក្សប្រឆាំងរូបនេះ ដល់ពន្ធនាគារផ្ទាល់តែម្ដង។

គួរជម្រាបថា ប្រធានគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា លោក កឹម សុខា ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅវេលាម៉ោង១២៖៣៥នាទី អធ្រាត្រឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ពីបទក្បត់ជាតិ នៅក្នុងគេហដ្ឋានរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនមេបក្សរូបនេះ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីមានព័ត៌មានបែកធ្លាយថ្មីៗនេះថា គណបក្សប្រឆាំង និងក្រុមគ្រួសាររបស់លោក បានឃុបឃិតជាមួយបរទេសក្នុងបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។

ភ្លាមៗ បន្ទាប់ពីចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ ក្នុងបទល្មើសជាក់ស្ដែង ដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះ ជូនតុលាការ ដើម្បីចាត់ការបន្តជាសមត្ថកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ យ៉ាងតក់ក្រហល់។ គណបក្សសង្គ្រោះជាតិ បានហៅចំណាត់ការរបស់អាជ្ញាធរថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងជាទង្វើរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយហេតុថា ការចាប់ខ្លួននេះ ធ្វើឡើងទាំងកណ្ដាលយប់អធ្រាត្រ និងក្នុងខណៈពេលដែលោក កឹម សុខ គឺជាតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា។

“គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះលែងលោក កឹម សុខា ជាបន្ទាន់ និងឥតលក្ខខ័ណ្ឌ និងអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយធ្វើអន្តរាគមន៍ដើម្បីឲ្យមានការដោះលែងលោក កឹម សុខា និងបញ្ឈប់ការគំរាមកំហែង គាបសង្កត់ តាមគ្រប់រូបភាពពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមកលើគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់តទៅទៀត”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor