
កំពង់ឆ្នាំងៈ សាកសពស្ត្រីម្នាក់ត្រូវគេច្រកដាក់ក្នុងការរ៉ុងដឹកយកទៅទម្លាក់ចោល ខណៈដែលប្រជាពលរដ្ឋប្រទះឃើញ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវក្រាលគ្រោះក្រហម អែបនឹងកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨-៥៩ ស្ថិតក្នុងភូមិព្រៃពិស ឃុំច្រេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានប្រទះឃើញបាវមានគេច្រក និងចងមាត់ជាប់ដាក់ចោលនៅលើផ្លូវនៅចំណុចខាងលើ និងបានយកជើងទៅទាត់ដោយស្មានថា ជាការរ៉ុងដែលគេច្រកស្មៅគោចាក់ចោលលើផ្លូវ ហើយបានឲ្យកូនយកកាំបិតមកកាត់ខ្សែចងមាត់ការ៉ុងចេញ ស្រាប់តែឃើញជើងសាកសពចេញមកខាងក្រៅ ក៏រត់ទៅរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ចុះមកត្រួតពិនិត្យតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា សាកសពស្ត្រីដែលច្រកការរ៉ុងនេះ ត្រូវបានគេប្រទះឃើញតាំងពីម៉ោង៨ព្រឹកមកម៉្លេះ ខណៈដែលប្រជាពលរដ្ឋមិនចាប់អារម្មណ៍ ជិះហួសទៅហួសមក។ សាសពស្ត្រីរងគ្រោះខាងលើនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណដែលជនមិនស្គាល់មុខដឹកយកមកទម្លាក់ចោលនៅចំណុចខាងលើនេះ។
សមត្ថកិច្ចបន្ថែមថា សាពសពស្ត្រីរងគ្រោះនេះ មានអាយុប្រមាណជាង៤០ឆ្នាំ សម្បុរស ពាក់រ៉ូបដេកយប់ ផ្កាពណ៌ក្រហម និងមានស្នាកកាប់នៅលើផ្ទៃមុខ និងដៃ ជាច្រើនកាំបិត។
ពាក់ព័ន្ធករណីខាងលើ លោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានឲ្យដឹងតាមរយៈទូរស័ព្ទនៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះថា តាមការសន្និដ្ឋានជំហ៊ានដំបូង សាកសពស្ត្រីរងគ្រោះខាងលើនេះ មានជាប់ករណីឃាតតកម្មគំនុំ ហើយត្រូវបានជនមិនស្គាល់មុខសម្លាប់ រួចដឹកយកមកទម្លាក់ចោល នៅចន្លោះម៉ោងប្រហែល២រំលងអធ្រាត្រ។
ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណាមានបាត់សមាជិកគ្រួសារ ដែលមានភិនភាគដូចខាងលើនេះ សូមមកទំនាក់ទំនងទៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ឬទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងតែម្តង។
ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង កំពុងបើកការស្រាវជ្រាវបន្ទាន់មួយ ដើម្បីស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕






