Sponsor
អាម៉ាប៉ាប៉ាញ៉ូស

គ្រូ​មួយថ្ងៃ គឺ​គ្រូ​មួយជីវិត​! សាស្ត្រាចារ្យ ភុល ជឹ​ម អាយុ​៧៣​ឆ្នាំ ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​លើ​ការបង្រៀន​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​នៅ​វិទ្យាល័យ​បាក់​ទូក និង​សាលារៀន​ឯកជន ជ័យ ថា​វី ក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន សាស្ត្រាចារ្យ​ដែលមាន​រហស្សនាម​ថា «​គ្រូ​តា​» រូបនេះ ស្ថិតក្នុង​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឡា​សង់​តេ ខណៈ​សមាជិកគ្រួសារ​អំពាវនាវ​រក​ជំនួយ​ឈាម និង​ថវិកា​ពី​សប្បុរសជន​។​

បន្ទាប់ពី​ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ជាច្រើន​សប្តាហ៍ គ្រូ​តា ភុល ជឹម ដែលជា​គ្រូបង្រៀន​ដ៏​ល្បីល្បាញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នៅ​វិទ្យាល័យ​បាក់​ទូក បានទទួល​មរណភាព​នៅ​ម៉ោង​៧​កន្លះ​ព្រឹក នា​ថ្ងៃទី​១៣ ខែសីហា​នេះ​។

ប៉ុន្តែមកដល់ថ្ងៃនេះផងដែរ បើយោងតាមគណនីហ្វេសប៊ុក ឈ្មោះ Peter Chim បានបង្ហោះសារដោយសរសេរថា៖ លោកគ្រូ ភុល ជឹម ហៅលោកគ្រូតា បានលាចាកលោកនេះហើយ ក្រុមគ្រួសាររបស់លោកគ្រូមានទុក្ខដ៏ក្រៀមក្រំសូមគោរពជម្រាបជូនសាធារណជន បងប្អូន មិត្តភក្រ្ត អតីតកូនសិស្សគ្រប់ជំនាន់ទាំងអស់ឲ្យបានជ្រាបជាព័ត៌មាន និងសូមគោរពអញ្ជើញអស់លោកអ្នកសប្បុរសទាំងអស់មកគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាគោរពជម្រាបលាលោកគ្រូជាចុងក្រោយ នៅម្តុំគល់អង់តែនទួលគោក អសយដ្ឋានផ្ទះលេខ 3A ផ្លូវលេខ 351 សង្កាត់ បឹងកក់ទី ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ 077585158 010932667 012474688

ដោយឡែក លោក ជូ ចន្ទ​តារា​រិ​ទ្ធិ កូនប្រុស​បង្កើត​របស់​គ្រូ​តា ភុល ជឹម បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​(Chou Chan Dararith)​របស់ខ្លួន​ថា លោកឪពុក​របស់លោក​បានទទួល​មរណភាព​នៅ​ម៉ោង​៧ និង​៣០​នាទី ថ្ងៃទី​១៣ ខែសីហា​នេះ​។ ​លោក​សរសេរថា​៖ «​លោកប៉ា បានទទួល​មរណភាព​ហើយ​នៅ​ម៉ោង​៧ និង​៣០​នាទី​ព្រឹក នា​ថ្ងៃទី​១៣ ខែសីហា នៅ​មន្ទីរពេទ្យ​ឡា​សង់​តេ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ​»​។ បើតាម​លោក ជូ ចន្ទ​តារា​រិ​ទ្ធ បច្ចុប្បន្ន សព​របស់លោក​គ្រូ​តា ភុល ជឹម ត្រូវបាន​ក្រុមគ្រួសារ​យកមក​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​នៅផ្ទះ​លេខ​៣A ផ្លូវ​លេខ​៣៤៩ សង្កាត់​បឹងកក់​១ ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ម្តុំ​អង់​តែ​ន​ទួលគោក​។

រំឮឹកឡើងវិញៈ បើតាម​លោក ជូ ចន្ទ​តារា​រិ​ទ្ធ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១១ ខែកញ្ញា លោកគ្រូ​តា ភុល ជឹ​ម កំពុង​ស្ថិតនៅ​បន្ទប់សង្គ្រោះបន្ទាន់​នៅឡើយ​។ លោក​បញ្ជាក់ថា​៖«​ឥឡូវ​ហ្នឹង គាត់​កំពុង​ដាក់​អ៊ុក​ស៊ី​សែន ព្រោះ​គាត់​ពិបាក​ដកដង្ហើម ស្ថាន​គាត់​កំពុង​ភាព​ធ្ងន់ធ្ងរ​»​។ លោក​បន្តថា ជំងឺ​ឪពុក​របស់ខ្លួន គឺមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ប្រមាណ​៣​សប្តាហ៍​មកហើយ​។

«​ស្ថានភាព​ជំងឺ​របស់​លោកឪពុក (​លោកគ្រូ​តា​) កំពុង​ដង្ហក់ និង​ខ្សោយ​ទៅៗ ឈានឆ្ពោះ​ទៅរក​សភាព​ធ្ងន់ធ្ងរ ហើយ​ក្រុមគ្រូពេទ្យ​តម្រូវ​ឲ្យ​មានការ​លាង​ឈាម​ជាបន្ទាន់​។ បច្ចុប្បន្នកំពុង​ត្រូវការ​ជំនួយ​ឈាមស​ង្គ្រោះ និង​ថវិកា​ព្យាបាល ក្រុមគ្រួសារ​កំពុងមាន​ការព្រួយបារម្ភ​ជាខ្លាំង កូនចៅ​បាន​នឹង​កំពុង​បរិច្ចាគ​ឈាម ប៉ុន្តែ​មិន​គ្រប់គ្រាន់ សូម​អំពាវនាវ​ស្វែងរក​ជំនួយ​ឈាមស​ង្គ្រោះ និង​ជំនួយ​ថវិកាបន្ថែម​»​។ នេះ​ជាការ​អំពាវ​របស់ លោក ជូ ចន្ទ​តារា​រិ​ទ្ធ កូនប្រុស​បង្កើត​របស់​លោកគ្រូ ភុល ជឹ​ម តាមរយៈ​សារព័ត៌មាន​ថ្មីៗ ។

​គ្រូ​តា ភុល ជឹ​ម ដែលមាន​វ័យ ៧៣​ឆ្នាំ គឺជា​គ្រូបង្រៀន​ដែល​សិស្សានុសិស្ស​ស្គាល់​ថា​ជា «​លោកគ្រូ​តា​» ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ ដ៏​ល្បី​ម្នា​ក់នៅ​សាលាបង្រៀន​គួរ​ជ័យ​ថា​វី​។​

​បើតាម​ការផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោកគ្រូ ភុល ជឹ​ម ចាប់​អាជីព​ជា​គ្រូបង្រៀន​នៅ​ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ១៩៨០ នៅ​វិទ្យាល័យ​បាក់​ទូក​។ អំឡុងពេល​បង្រៀន​នៅ​វិទ្យាល័យ​បាក់​ទូក លោកគ្រូ​ត្រូវបាន​គេ​ផ្តល់ឱកាស​ឲ្យ​សិក្សា​បំប៉ន​រយៈពេល​ខ្លី​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​អំឡុងពេល​វិសមកាល​ម្តងៗ​ផងដែរ​។​

​នៅ​ឆ្នាំ ១៩៨៣ លោក ភុល ជឹម ត្រូវបាន​គេ​ផ្ទេរ​ឲ្យ​មក​រៀន​បំប៉ន​វគ្គ​វែង​នៅ​សាលា​គរុកោសល្យ​ជាន់ខ្ពស់​ ដែល​សព្វថ្ងៃ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)​។ នៅ​ឆ្នាំ ១៩៨៦ លោក បាន​ប្តូរ​ទៅ​បង្រៀន​នៅ​មជ្ឈមណ្ឌល​ភូមិភាគ​គរុកោសល្យ​នៅ​អូរ​បែកក្អម​ រហូតដល់​ចូលនិវត្តន៍ ​នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៧​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor