
បន្ទាយមានជ័យៈ ក្មេងទំនើង២ក្រុមបានប្រើដំបង និងដាវសាមូរ៉ៃ កាប់ទៅលើបុរសម្នាក់ឲ្យរបួសធ្ងន់ដោយសារទំនាស់រឿងរាំងធុងបាស់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខសាលាបឋមសិក្សាបន្ទាយមានរិទ្ធ ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
វរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អឿន ឡឹម ភេទប្រុស អាយុ៤៥ជាឪពុកជនរងគ្រោះឈ្មោះ ឡឹម ឡុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្តឹងទៅលើជនសង្ស័យ ទី១.ឈ្មោះ បី សុប៊ីន ភេទប្រុស អាយុ១៨ឆ្នាំ ទី២.ឈ្មោះ ជឿន ជីង ភេទប្រុស អាយុ១៥ឆ្នាំ ទី៣.ឈ្មោះ សម្បត្តិ គឹមហៀង ភេទប្រុស អាយុ១៨ឆ្នាំ និងទី៤.ឈ្មោះ មុី ជា ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៤នាក់រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានប្រើអំពើហិង្សាកាប់ទៅលើកកូនរបស់គាត់ឲ្យរបួសធ្ងន់។
លោក ដុំ ចិត្រ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងរួចភ្លាម លោកបានដឹកនាំកម្លាំងចុះទៅស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ នៅវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ យកទៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវកម្លាំកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

