Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ បុរសម្នាក់ បានសន្លប់ស្តូកស្តឹង ខណៈជិះម៉ូតូបុកពីក្រោយរថយន្តដែលគេចតចោល ធ្វើឲ្យបែកមួលសុវត្ថិភាព និងបាក់ភ្លៅគួរឲ្យញាក់សាច់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលាម៉ោង៧៖០០នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកបង្គោលភ្លើងមួយគ្រឿង របស់នាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ ពាក់ស្លាកលេខ ខេមរភូមិន្ទ01 3-3693 ដឹកបង្គោលភ្លើងពេញរថយន្ត បានមកឈប់ចតនៅចិញ្ជើមថ្នល់ ដោយក្បាលរថយន្តទៅទិសខាងកើត ហើយពុំមានដាក់មែកឈើ ឬភ្លើងសញ្ញាអ្វីនោះទេ។ លុះមួយសន្ទុះក្រោយមក ក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដា គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ស្វាយរៀង 1I-6854 ធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុកពីក្រោយរថយន្តពេញទំហឹង លាន់ឮសំឡេងប្រាវ ទើបប្រជាពលរដ្ឋនាំគ្នាមកមើល ស្រាប់តែមានឃើញបុរសម្នាក់ នៅក្រោមរថយន្ត និងម៉ូតូ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច និងហៅរថយន្តសង្គ្រោះ មកដឹកយកទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីធ្វើការសង្គ្រោះ។

ជនរងគ្រោះមានឈ្មោះ ហុង សារឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ចំណែក អ្នកបើកបររថយន្តមានឈ្មោះ លី ដានី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋបានហេតុការណ៍ បង្ហើបឲ្យដឹងថា ក្រោយពេលគ្រោះថ្នាក់រួច ទើបគេឃើញអ្នកបើកបររថយន្តឡើងបើកភ្លើងស៊ីញ៉ូ និងដាក់មែកឈើជាសញ្ញា។ ប្រភពដដែលបន្តថា រយៈពេលប៉ុន្មានខែនេះ គឺបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិលេខ១ ចាប់ពីសកលវិទ្យាល័យស្វាយរៀង មកដល់ជិតរង្វង់មូលរូបគោ៤ អត់មានភ្លើងទេ មិនដឹងថា ដាច់ ឬខូចទេ ពោល គឺងងឹតសូន្យដែលកត្តានេះងាយបង្កគ្រោះថ្នាក់ខ្លាំងណាស់។

ពលរដ្ឋខាងលើ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយពិនិត្យ និងជួយសម្រួលផង ព្រោះរដូវភ្ជុំបិណ្ឌ មានពលរដ្ឋធ្វើដំណើរច្រើនណាស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor