
ប្រទេសវៀតណាម បានរិះគន់យ៉ាងខ្លាំង អំពីសមយុទ្ធបាញ់គ្រាប់ពិតរបស់យោធាចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន sputnik បានចុះផ្សាយនាព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានចេញសេចក្ដីថ្លែងការណ៍ថ្មីមួយថា "យើងទទូចយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពយោធានេះ ដោយស្នើឲ្យចិនគោរពអធិបតេយ្យភាពប្រជុំកោះ Hoang Sa (Paracel) ប្រទេសវៀតណាម និងសិទ្ធិស្របច្បាប់នៅសមុទ្រខាងកើត តាមរយៈវិធានការសន្តិភាព ដែលសមស្របនឹងច្បាប់អន្តរជាតិ"។
រដ្ឋបាលសុវត្ថិភាពដែនសមុទ្រនៃខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន ដែលត្រួតត្រាសមុទ្រចិនខាងត្បូង បានប្រកាសកាលពីខែមុនថា សមយុទ្ធបាញ់គ្រាប់ពិតនឹងធ្វើឡើងនៅជុំវិញកោះប៉ារ៉ាសែល ដែលត្រូវបានទាមទារដោយចិនតៃវ៉ាន់ និងវៀតណាម រហូតដល់ថ្ងៃទី០២ ខែកញ្ញា។
គួរបញ្ជាក់ផងដែរថា ប្រទេសចិន ហាក់ដូចជាខកចិត្តចំពោះការប៉ុនប៉ងរបស់វៀតណាម ក្នុងការប្រមូលផ្ដុំប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតប្រឆាំងនឹងទីក្រុងប៉េកាំង ក៏ដូចជាការបង្កើនទំនាក់ទំនងការពារជាតិជាមួយសហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌា៕

