Sponsor
Amapapa News

រាជ​ធានី​ភ្នំពេញ៖ បន្ទាប់ពី ជន​ល្មើស ឈ្មោះ អង សំណាង ​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​ចោទ​ប្រកាន់​ពី​បទ «ឃាតកម្ម​គិត​ទុក​ជា​មុន» ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន នោះ អ្នក​ស្រី ពេជ្រ សាខុន បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ ដែល​រួម​ដំណើរ​ដោយ​អ្នក​ជិត​ខាង​ភូមិផង​របង​ជាមួយ​មក​ជាមួយ​ផង កាល​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧ អ្នក​ស្រី បាន​អះអាង​ថា​ខ្លួន​ជា​ប្រពន្ធ​​របស់​ឈ្មោះ អង សំណាង ជា​ឃាតក​ដៃ​ឆៅ ចិត្ត​សាហាវ សម្លាប់​កូន​ស្រី​ខ្លួន និង​ឪពុក​ក្មេក​ខ្លួន ក្នុង​ពេល​តែ​មួយ​ថ្ងៃ បាន​ធ្វើ​ឲ្យ​នាង​និង​គ្រួសារ​រងគ្រោះ​រូប​នេះ​រង​នូវ​សេចក្ដី​ឈឺចាប់ ខ្លោច​ផ្សា​គ្មាន​អ្វី​ប្រៀប​បាន និង​មិន​អាច​បំភ្លេច​បាន​អស់​មួយ​ជីវិត។​ បើយោងតាមកិច្ចសម្ភាសរបស់សារព័ត៌មាន​អនឡាញ​ក្នុង​ស្រុក​មួយ ​។

ក្នុង​បទ​សម្ភាស​ដែល​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក នាង​បាន​អះអាង​ថា នាង​ឈ្មោះ ពេជ្រ សាខុន អាយុ ២៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រស់​នៅ​ភូមិ​ទន្លៀង ឃុំ​រមាំងថ្កោ ស្រុក​ស្វាយ​ទាប​ខេត្ត​ស្វាយ​រៀង មាន​ប្ដី​ឈ្មោះ អង សំណាង អយុ​២៦​ឆ្នាំ មាន​កូន​ស្រី​ឈ្មោះ ពេជ្រ ចរិយា អាយុ ២​ខួប​៦​ខែ មាន​ឪពុក​ឈ្មោះ ពេជ្រ ជឿន អាយុ ៥៧​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ទាង សាវឿន អាយុ​៤៧​ឆ្នាំ។ នាង​បាន​រៀបរាប់​បន្តថា ដំបូង​ឡើយ​នាង​បាន​ស្គាល់​បុរស​ជា​ប្ដី​តាម​ទូរស័ព្ទ ក្រោយ​មក​ក៏​បាន​ណាត់​ជួប​គ្នា​នៅ​ភ្នំពេញ ម្ដុំ​លូ​៥ ពួក​គេ​ក៏​បាន​ស្រឡាញ់​គ្នា​ហើយ​បាន​រៀបការ​តាម​ប្រពៃណី។ តែ​ចាប់​តាំង​ពី​ចាប់​ដៃ​គ្នា​មក បុរស​ជា​ប្ដី​មិន​ដែល​ប្រកប​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត និង​ផ្គត់​ផ្គង់​គ្រួសារ​ទេ គឺ​ដេក​ស៊ី​នៅ​ផ្ទះ ឲ្យ​ឪពុក​ម្ដាយ​ក្មេក និង​ប្រពន្ធ​ជា​អ្នក​រក​ស៊ី​ចិញ្ចឹម ហើយ​មាន​ពេល​ខ្លះ​វាយ​ធ្វើ​បាប​នាង និង​ធ្វើ​បាប​គ្រួសារ​ទៀត​ផង។ មាន​ពេល​ខ្លះ​នាង​និង​គ្រួសារ​ត្រូវ​អត់​បាយ​ព្រោះ​បុរស​ជា​ប្ដី​ខឹង​ម្ហូប​មិន​ឆ្ងាញ់ ក៏​ជះ​បាយ​ម្ហូប​ចោល​ទៀត​ផង។​

នាង​បានបន្ត​​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា មុន​ពេល​កើត​ហេតុ​សម្លាប់​កូន​និង​ឪពុក​នាង គឺ​កាល​ពី​ថ្ងៃ​ទី​២៩ ខែសីហា បុរស​ជា​ប្ដី​របស់​នាង​បាន​រំលោភ​ម្ដាយ​បង្កើត​នាង ហើយ​ប៉ុនប៉ង​សម្លាប់​គាត់ តែ​មិន​បាន​សម្រេច។ ពេល​នោះ​ម្ដាយ​នាង​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ឃុំ តែ​សម្ថកិច្ច​មិន​បាន​ចាប់​ជន​សង្ស័យ​ជា​ប្ដី​នាង​ផ្ដន្ទាទោស​ទេ ដោយ​សំអាង​ថា​គ្មាន​ភស្តុតាង។ ពេល​នាង​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ​វិញ នាង​បាន​ដឹង​រឿង​ក៏​បាន​ឈ្លោះ​ប្រកែក​ជាមួយ​ប្ដី ប្ដី​នាង​ក៏បាន​យក​កូន​មក​ភ្នំពេញ​ស្នាក់​នៅ​ជាមួយ​ប្អូន​ថ្លៃ​នាង (ត្រូវ​ជា​ប្អូន​បង្កើត​ជន​សង្ស័យ)។ លុះ​ដល់​ថ្ងៃ​ទី​២ ​ខែ​កញ្ញា ឆ្នាំ​២០១៧ ប្ដី​នាង​បាន​សម្លាប់​កូន​ស្រី​ខ្លួន​ចោល​នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក ហើយ​បាន​ធ្វើ​ដំណើ​ទៅ​ស្វាយ​រៀង ទៅ​ជួប​ឪពុក​នាង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។ ពេល​ទៅ​ដល់ ប្ដី​នាង​បាន​ទះ​ស្មា​ឪពុក​នាង រួច​យក​ដៃ​ខ្ទប់​មាត់​គាត់​ជាប់ ហើយ​គ្រា​ទៅ​ដល់​បន្ទប់​ទឹក ក៏​ច្របាច់​.ក គាត់ ជ្រមុជ​ក្បាល​ចូល​ធុង​ទឹក ហើ​យ​ដាក់​គាត់​លើ​ចាន​បង្គន់ យក​ជើង​ធាក់​គាត់​ពី​ក្រោយ​ខ្នង​ផ្ទប់​នឹង​ចាន​បង្គន់ធ្វើ​ឲ្យ​ផត​ដើម​ទ្រូង និង​បែក​គ្រាប់​ពោន​ស្លាប់។ រឿង​នេះ ពេល​ដែល​នាង​ចេញ​ពី​ធ្វើការ​វិញ​ម៉ោង​៤​និង​២០​នាទី​ទើប​ដឹង។ អ្នក​ស្រី ពេជ្រ សាខុន បាន​ហៅ​អំពើ​នេះ​ជា​អំពើ​សាហាវ​យង់ឃ្នង នាង​ចង់​តែ​កាប់​ចិញ្ច្រាំ​ឲ្យ​ស្លាប់​ទេ តែ​នាង​សុំ​ឲ្យ​សមត្ថកិច្ច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចុះ។​

យោង​តាម​ឈ្មោះ យស ស៊ីវ៉ន ភេទ​ប្រុស​ជា​អ្នក​ជិតខាង​ភូមិផង​របង​ជាមួយ​ដែល​រួម​ដំណើ​ជាមួយ​នាង​មក​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បុរស​ជាប្ដី​របស់​អ្នក​ស្រី​ ពេជ្រ សាខុន ជា​មនុស្ស​មាន​ចរិត​កាច​សាហាវ ហើយ​គ្មាន​មុខ​របរ​រក​ស៊ី​ទេ គឺ​រស់​នៅ​ដោយ​សារ​ប្រពន្ធ​ចិញ្ចឹម ហើយ​ដេក​ស៊ី​ស្រាប់ ហើយ​បាន​បង្ក្រាប​គ្រួសារ​ឲ្យ​ខ្លបខ្លាច​ដោយ​អំពើ​កាច​សាហាវ​របស់​ខ្លួន។ លោក​បាន​បន្ត​ទៀត​ថា គ្រួសារ​អ្នក​ស្រី សាខុន មាន​ជីវភាព​ទ័ល​ក្រ​ណាស់ ផ្ទះ​ជញ្ជាំង​រហែក ដំបូល​ធ្លុុះ​ឆ្លាយ នៅ​ថ្ងៃ​ធ្វើ​បុណ្យ​សព​ឪពុក​​នាង នៅ​ក្នុង​ផ្ទះ​មាន​តែ​អង្ករ​មួយ​តៅ និង​ប្រាក់ បីម៉ឺន​រៀល​ប៉ណ្ណោះ។ ចំណែក​ម្ដាយ​នាង​ក៏​មាន​ជំងឺ​ទ្រុឌទ្រោម​ដោយសារ​តែ​កូន​ប្រសារ​ធ្វើបាប។ និយាយ​រួម​កូន​ប្រសារ​បាន​បំផ្លាញ​គ្រួសារ​នេះ​។​

ជា​ចុង​ក្រោយ​អ្នក​ស្រី ​ពេជ្រ សាខុន បាន​លើក​ដៃ​សំពះ​សូម​ឲ្យ​សប្បុរស​ជន​ជួយ​លើក​ទឹក​ចិត្ត​នាង និង​ជួយ​ជា​បច្ច័យ​ខ្លះ​តាម​កម្លាំង​សទ្ធា​ជ្រះ​ថ្លា ដើម្បី​បាន​ធ្វើ​បុណ្យ​ឲ្យ​កូន​និង​ឪពុក​នាង​បាន​សមរម្យ​ផង។ អាស្រ័យ​ហេតុ​នេះ​បើ​សប្បុរស​ជន​មាន​សទ្ធា​សូម​ទាក់​ទង​ជួយ​អ្នក​ស្រី​តាម​រយៈ​ទូរសព្ទ​លេខ 097-793-849-2។​

សូម​បញ្ជាក់​ថា ជន​ល្មើស អង សំណាង ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ បច្ចុប្បន្ន​ជន​ល្មើស​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​ចោទ​ប្រកាន់​ពី​បទ «ឃាតកម្ម​គិត​ទុក​ជា​មុន» ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor