
ភ្នំពេញៈ សមត្ថកិច្ចម្នាក់ បានរងរបួសធ្ងន់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចដូចគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈពេលមានជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមកបាញ់ទាំងកំរោលតែម្ដង រួចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ផ្ទុះអាវុធនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០៖៥០នាទី យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅម្ដុំវិទ្យាល័យយុគន្ធរ តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងរងរបួសធ្ងន់ខាងលើ គឺជាសមត្ថកិច្ច តែគេពុំដឹងថា ជាសមត្ថកិច្ចខាងណានោះឡើយ ដោយខណៈរូបគាត់ជិះម៉ូតូម្នាក់ឯង នៅលើដងផ្លូវព្រះសីហនុ ភ្លាមនោះក៏ត្រូវក្រុមជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពបាញ់ប្រហារទៅលើសមត្ថកិច្ចប្រហែល៤គ្រាប់ទាំងកំរោលតែម្ដង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់។
បើតាមប្រភពដដែលបន្តថា មិនមែនមានតែសមត្ថកិច្ចម្នាក់ ត្រូវរងគ្រោះនោះទេ ព្រោះគ្រាប់កាំភ្លើងបានហោះទៅផ្លូវម្ខាងទៀត ពោល គឺហោះទៅត្រូវជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងព្រលឹត ក្នុងទឹកដីខណ្ឌ៧មករា បណ្ដាលឲ្យធ្លុះធ្លាយផងដែរ ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ និងរស់នៅក្បែរកន្លែងកើតហេតុ។
ក្រោយពេលធ្វើសកម្មភាព ភ្លាមៗក្រុមជនសង្ស័យទាំង២នាក់ បានជិះម៉ូតូឌុបគ្នារត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដង។ ចំណែកសមត្ថកិច្ចដែលរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចដូចគ្នា ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីខាងលើនេះ ក្រុមអ្នកយកព័ត៌មានជាច្រើននាក់ បានចុះដល់កន្លែងកើតហេតុ ប៉ុន្តែមិនអាចស្វែងរកដឹងពីមូលហេតុឲ្យពិតប្រាកដនោះទេ ហើយកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា និងសមត្ថកិច្ចខណ្ឌចំការមន ចុះមកដល់ក៏បានត្រឹមតែរើសសម្បកកាទុស(សម្បកគ្រាប់)ទុករាយការណ៍ទៅថ្នាក់លើតែប៉ុណ្ណោះ៕





