
បាត់ដំបងៈ គិតមកទល់នឹងពេលនេះ មានរយៈជាងកន្លះខែទៅហើយ ដែលពលករម្នាក់ ទៅធ្វើការនៅថៃ ត្រូវបានគេយកសពទៅដុតចោល បន្ទាប់ពីពលករនេះ បានស្លាប់ក្នុងមន្ទីរពេទ្យមួយ ស្ថិតក្នុងស្រុកសំពៅលូន។
អ្នកបូជាសពនៅក្នុងវត្តសាស្ដា លោក សូ សន បាននិយាយថា រហូតមកទល់ពេលនេះ មិនទាន់ឃើញវត្តមានសាច់ញាតិទៅស្វែងរកនៅឡើយទេ បន្ទាប់ពីសពបុរសម្នាក់ ត្រូវបានដុតចោលនៅក្នុងវត្ត កាលពីព្រឹកថ្ងៃទី១៦ សីហា ២០១៧ កន្លងទៅ។
លោក សូ សន វ័យ៦៨ឆ្នាំ បានរៀបរាប់ប្រាប់ CAM POST នៅថ្ងៃទី១ កញ្ញា នេះថា “ខ្ញុំពិតជាបានដុតសពបុរសម្នាក់មែន កាលពីថ្ងៃទី១៦ កន្លងទៅ នៅក្នុងវត្តសាស្ដា ហើយពេលនេះ ខ្ញុំមិនទាន់ឃើញសាច់ញាតិទៅស្វែងរកនៅឡើយទេ តែទោះជាបែបណាខ្ញុំនៅរក្សាទុកឆ្អឹងឲ្យល្អ នៅពេលដែលសាច់ញាតិទៅរក ម្យ៉ាងវិញទៀត ខ្ញុំបានរក្សាទុកឯកសារពាក់ព័ន្ធរបស់គាត់(សព) ផងដែរ”។
ប្រធានការិយាល័យស្រុកប្រតិបត្តិសំពៅលូន លោក មាស ម៉ៃសាក់ បានបញ្ជាក់ប្រាប់ CAM POST ថា កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ មន្ទីរពេទ្យនៅស្រុកសំពៅលូន ពិតជាបានទទួលអ្នកជំងឺម្នាក់មែន តែពេលនោះមិនទាន់ស្គាល់អត្តសញ្ញាណគាត់ឡើយ ដោយអាការៈអ្នកជំងឺហាក់មានអារម្មណ៍រវើរវាយ ឬមិនប្រក្រតី។ លោកបន្ថែមថា អ្នកជំងឺ ត្រូវបានអ្នករត់ម៉ូតូឌុបដឹកយកទៅទម្លាក់ចោលនៅឯមន្ទីរពេទ្យ ចាប់តាំងពីពេលនោះមក ខាងមន្ទីរពេទ្យបានព្យាបាលរហូតដល់ថ្ងៃទី១៦ ខែសីហា ពោលគឺមានរយៈ៥ថ្ងៃគត់ អ្នកជំងឺក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ រួមខាងមន្ទីរពេទ្យក៏បានទាក់ទង អ្នកបូជាសពនៅក្នុងវត្ត ដោយយកសពទៅដុតចោលតែម្ដង ក្រោយពីរកមិនទាន់ឃើញសាច់ញាតិ។
យោងទៅតាមទៅតាមឯកសារ បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវគេដុតសព ឈ្មោះ សឹម សាវ៉ុន កើតនៅថ្ងៃទី១៣ កក្កដា ឆ្នាំ១៩៨១ មានស្រុកកំណើត នៅស្រុកកំចាយមារ ខេត្តព្រៃវែង និងបច្ចុប្បន្នរស់នៅស្រុកកំរៀង ខេត្តបាត់ដំបង។
តាមការសន្និដ្ឋានពីសាក្សីមួយចំនួនថា ជនរងគ្រោះ គឺជាពលករ ដែលទៅធ្វើការនៅប្រទេសថៃ បន្ទាប់មកក៏ត្រឡប់មកវិញ និងមានអាការៈបែបនេះតែម្ដង លើសពីនេះពលករ ត្រូវបានគេបញ្ជូនមកតាមច្រកដូង ស្ថិតក្នុងទឹកដីខេត្តបាត់ដំបង។
ប្រធានច្រកតំបន់ភ្នំដី ស្រុកសំពៅលូន លោក ហម សំខាន់ អង្គភាពសារព័ត៌មាន CAM POST មិនអាចទំនាក់ទំនង សុំការបភ្លឺបានទេ ជុំវិញករណីពលករខ្មែរទៅធ្វើការនៅថៃ ហើយត្រឡប់មកវិញ ត្រូវបានគេយកសពទៅដុតចោល បន្ទាប់ពីឈឺស្លាប់ក្នុងមន្ទីរពេទ្យនោះ។
មួយរយៈចុងក្រោយមកនេះ ក្រសួងការបរទេសកម្ពុជា បានចេញរបាយការណ៍ជាញឹកញាប់ ជុំវិញការជួយសង្គ្រោះពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ក្នុងនោះមានទាំងប្រទេសថៃ និងម៉ាឡេស៊ីជាដើម ហើយការដែលជួយសង្គ្រោះនេះ បន្ទាប់ពីពួកគេបានចាញ់បោកមេខ្យល់ ឬយកទៅលក់ និងកេងកម្លាំងពលកម្មជាដើម៕

