
ភ្នំពេញៈ ទីតាំងល្បែងស្ទួចខ្លងប្រេងកូឡា គ្មានច្បាប់អនុញ្ញាត មួយកន្លែង ត្រូវប៉ូលិសបង្ក្រាប នឹងឃាត់ខ្លួនស្ត្រីម្នាក់ ជាម្ទាស់ទីតាំង កាលពីវេលាម៉ោង៩៖០០នាទី ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចរោងកម្មករសំណង់ស្នាក់នៅបុរី ប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យឹម ច្រឹប ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកល្បែងស៊ីសង ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ដកិច្ចបន្តថា កាលពីថ្ងៃទី២៩កញ្ញា នគរបាលផ្នែកយុត្តិធម៌ ខណ្ឌច្បារអំពៅ បានចុះបង្ក្រាបជាក់ស្តែងករណីបើកលេងល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាត (ស្ទួចខ្លងប្រេងកូឡា) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាម្ទាស់មានឈ្មោះ យឹម ច្រឹប ។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ធុងសម្រាប់ស្ទួចខ្លងប្រេងកូឡា៣, ដងស្ទួចខ្លងប្រេងកូឡា២ដើម, គ្រាប់ខ្លង ប្រេងកូឡា២៤គ្រាប់, ក្រណាត់កៅស៊ូ ក្រាលសម្រាប់ចាក់លេខ ១ផ្ទាំង, លុយ ២៦ម៉ឺនរៀល, ខ្សែដៃប្លាកទីន១ខ្សែ, កងដៃប្លាកទីន៤កង, ចិញ្ជៀនមាស៤វង់, ចិញ្ជៀនប្លាកទីន១វង់ មានដាំត្បូងពណ៌ស, ខ្សែជើងកាឡៃ២ខ្សែ និងក្រវិលកាឡៃ១គូ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ចំណែកអ្នកមកលេងល្បែងបានរត់គេចខ្លួនបាត់អស់ នៅពេលសមត្ថកិច្ចចុះទៅដល់៕


