
ទីក្រុងប៉េកាំង បានបញ្ជាឲ្យធនាគាររបស់ខ្លួន ផ្អាកប្រតិបត្តិការគណនីប្រជាជនកូរ៉េខាងជើង ដែលមានក្នុងប្រទេសចិន និងរឹតបន្តឹងទៅលើពាណិជ្ជកម្មរបស់ក្រុងព្យុងយ៉ាង ជាមួយអាស៊ី។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
ការិយាល័យធនាគារកណ្ដាលរបស់រដ្ឋដ៏សំខាន់ចំនួនបី នៅក្នុងទីក្រុងYanji និងខេត្តJilin ប្រទេសចិន បានផ្អាកប្រតិបត្តិការជាច្រើន តាមរយៈគណនីរបស់ប្រជាជនកូរ៉េខាងជើង ដែលត្រូវបានដាក់ទណ្ឌកម្មជាមួយរបបថ្មីនេះ។ ធនាគារសាងសង់ និងធនាគារកសិកម្ម បានហាមឃាត់ប្រជាជនកូរ៉េខាងជើងមិនឲ្យដាក់ប្រាក់បញ្ញើ ឬផ្ទេរប្រាក់ ព្រមទាំងបើកគណនីថ្មី។
ទន្ទឹមនឹងនេះ នាពេលបច្ចុប្បន្នអាមេរិក កំពុងព្យាយាមដាក់ទណ្ឌកម្មធ្ងន់ៗបំផុតទៅលើកូរ៉េខាងជើង រួមទាំងការហ៊ុមព័ទ្ធប្រេងទាំងស្រុង និងការបង្កកទ្រព្យសម្បត្តិសកលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់កំពូលៗរបស់លោកថែមទៀតផង៕

