
ព្រៃវែងៈ រថយន្តធុនធំមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយជ្រុលទៅបុកគូថរថយន្តធុនតូច បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង កាលពីវេលាម៉ោង១៖៣០នាទី រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិល្វា ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
របាយការណ៍សមត្ថកិច្ចឲ្យដឹងថា នៅវេលាកើតហេតុខាងលើ គេឃើញរថយន្តធុនធំម៉ាក FUSO ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-3545 បើកដោយជនមិនស្គាល់ឈ្មោះ (គេចបាត់) ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកគូថរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AM-4026 កំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា ដែលបើកដោយឈ្មោះ ឈឿង រតនៈ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ករណីនេះ សមត្ថកិច្ចបញ្ជាក់ថា មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ ប៉ុន្តែរថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលល្វា ស្រុកព្រះស្ដេច ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

