Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រីកម្ពុជា​ បានអំពាវនាវ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេសកម្ពុជា​ ពេ​លធ្វើ​ដំណើរទៅជួបជុំក្រុមគ្រួសារ​ នៅតាមខេត្តនានាមានសុខសុវត្តិភាពតាមផ្លូវ​ និងគោរពច្បាប់ចរាចរណ៍ផងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុក​ របស់សម្ដេច​ ហ៊ុន​ សែន​ នៅព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ​២០១៧​  បានលើកឡើងថា​ ​ថ្ងៃ​នេះ គឺបិណ្ឌទី១២ នៅសល់តែ៣ថ្ងៃទៀត​ ពិធីបុណ្យភ្ជុំបិណ្ឌធំនឹងមកដល់​ ដោយសារប្រទេសជាតិ​ មានសន្តិភាព ទើសមានឱកាសអាចប្រារព្ធពិធីបុណ្យសាសនានានាបាន។

សម្ដេច​ ហ៊ុន​ សែន​ បានមានប្រសាសន៍​ថា​ "សូមបងប្អូនធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅតាមខេត្តនានាមានសុខសុវត្តិភាពតាមផ្លូវ ហើយសូមបើកបរ គោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យខ្ពស់ទាំងអស់គ្នា"

សម្ដេច​បន្ដថា​ ដោយសារតែពេលនេះ ពលរដ្ឋ​ ធ្វើដំណើរកាន់តែច្រើនឡើងទៅតាមខេត្ត​ កុំបើកបរលឿនលើសល្បឿន ឬវ៉ាប្រជែងនៅលើផ្លូវតូចចង្អៀត និងនៅតាមទីប្រជុំជននានា​ ដែលមានអ្នកធ្វើដំណើរច្រើន និងមានមនុស្សឆ្លងកាត់ច្រើន។

សម្ដេច​ ជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌគ្រប់ៗគ្នា​ ។

ជុំវិញបញ្ហាទាំងនេះផងដែរ​ រដ្ឋបាលរាជធានីភ្នំពេញ កាលនៅថ្ងៃទី១៦ ខែកញ្ញានេះ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងរថយន្តឈ្នួលទាំងអស់ មេត្តាកុំដំឡើងថ្លៃសេវាដឹកជញ្ជូន និងកុំដឹកអ្នកដំណើរលើសចំណុះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៧​ ។

ចំណែក​ក្រសួងមហាផ្ទៃ បានដាក់កម្លាំងនគរបាលចរាចរណ៍ជាង២ពាន់នាក់ ត្រូវបានដាក់ពង្រាយ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមទីវត្តអារាម ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា  គ្រោះថ្នាក់ចរចារណ៍អំឡុងពេល បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ចំនួន១៥ថ្ងៃ ក្នុងឆ្នាំ២០១៦ បានកើតមានឡើង ចំនួន១៤៣លើក ក្នុងនោះមានមនុស្សស្លាប់ ចំនួន៧៦នាក់ និងអ្នករងរបួសធ្ងន់ ចំនួន១៣៥នាក់ និងរងរបួសស្រាល ចំនួន៨៣នាក់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor