
ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តឡិចស៊ីស១គ្រឿង ក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករះម៉ូតូ នៅចំណុចភ្លើងស្តុប បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុបសន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកឡិចស៊ិស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-8657 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចព្យុះ។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តមិនបានបង្អង់ល្បឿននោះទេ ក៏ជ្រុលចង្កូតទៅបុករះម៉ូតូ៤គ្រឿង និងរថយន្តតូយ៉ូតា ប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ10 2-0559 មួយគ្រឿង កំពុងឈប់ចាំភ្លើងស្តុប បណ្តាលឲ្យរងការខូចខាត ចំណែកជនរងគ្រោះដែលជិះម៉ូតូទាំង៥នាក់ ដែលកំពុងឈប់រង់ចាំភ្លើងស្តុបដែរនោះ បានរងរបួសធ្ងន់ស្រាល ត្រូវបាន បញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ចុះវាស់វែង និងឃាត់ខ្លួនអ្នកបើកបរបង្កយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ២ ដើម្បីសួរនាំ។ ចំណែរថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយតាមនីតិវិធី៕





