
នៅពេលលទ្ធផលប្រលងបាក់ឌុបរបស់តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា បានជាប់និទ្ទេសត្រឹម E មានទាំងអ្នកជួយអបអរ និងអ្នកខ្លះលើកឡើងថា កញ្ញាមិនគួរជាប់ត្រឹមនិទ្ទេសនេះទេ ព្រោះនាងជាសិស្សម្នាក់រៀនពូកែ និងឧស្សាហរៀនសូត្រ។ តែលទ្ធផលនេះធ្វើឲ្យពុកនាងនៅតែសប្បាយចិត្ត ដោយលោកបានដឹងច្បាស់ពីការងារដ៏មមាញឹករបស់កូនស្រីមុនពេលប្រលង។
លោក ង៉ែត ដារ៉េត ឪពុក រ៉េត ស៊ូហ្សាណា បានប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube តាមទូរស័ព្ទនៅមុននេះបន្តិចថា លទ្ធផលប្រលងបាក់ឌុបរបស់កូនស្រី ដែលបានចេញនៅថ្ងៃទី១០ម្សិលមិញនេះ ទោះជាប់ត្រឹមនិទ្ទេស E ក៏លោកសប្បាយចិត្តដែរ ព្រោះកូនទទួលបានជោគជ័យការងារមួយទៀត បន្ទាប់ពីការងារសិល្បៈដែលកំពុងតែហុចផលផ្លែផ្កា។
លោកបន្តថា កូនស្រីលោកជាសិស្សម្នាក់ឧស្សាហ៍រៀនណាស់ តែដោយសារក្នុងឆ្នាំនេះដែលជាឆ្នាំប្រលងបាក់ឌុប នាងក៏មានការងារសិល្បៈច្រើនខាងក្រុមហ៊ុន ក៏ទម្លាក់ការងារច្រើន និងនៅមានការងារចេញច្រៀងតាមឆាកតន្ត្រីគ្មានពេលសម្រាកទៀត ដូច្នេះហើយ ទើបកូនស្រីលោកមិនសូវមានពេលរៀនបានច្រើនដូចរាល់ឆ្នាំ ដែលមិនទាន់មានការងារសិល្បៈច្រើន។
តែទោះជាកូនស្រីលោកមមាញឹកការងារសិល្បៈ ក៏នាងនៅតែព្យាយាមរៀនជាមួយគ្រូ ដែលមកបង្រៀនដល់ផ្ទះជាច្រើនមុខវិទ្យា ដូច្នេះហើយទើបនាងទទួលបានលទ្ធផលប្រសើ ។ លោក ង៉ែត ដារ៉េត បន្តថា ក្រោយជោគជ័យទាំងការសិក្សា និងអាជីពសិល្បៈលោកពិតជាអាណិតកូនស្រីជាខ្លាំង ព្រោះនាងនៅក្មេង ត្រូវទទួលបន្ទុកការងារច្រើន ដែលតម្រូវឲ្យនាងរ៉ាប់រងតែម្នាក់ឯង៕
