
ភ្នំពេញៈ រថយន្តម៉ាក Honda មួយគ្រឿងបានក្រឡាប់ផ្ងារជើងទ្រមេឃ ប្រះខ្លួនដេកនៅលើសួនច្បារធ្វើមិនដឹង ខណៈសង្ស័យខឹងម្ចាស់ដែលបើកបរលឿនដូចហោះ រ៉េចង្កូតទៅបុកខឿនថ្មសួនច្បារ ហើយហោះប្លោងទៅបុកបង្គោលភ្លើងបាក់អស់មួយដើម។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖២០នាទី យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦អា ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបានបុរសម្នាក់ បើករថយន្តម៉ាក HONDA SCION មួយគ្រឿង ពណ៌ក្រហម ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2F-8708 តែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តដែលកំពុងបើកបរលើផ្លូវនោះ បានរ៉េចង្កូតជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ហើយបន្តហោះផ្លោងទៅបុកបង្គោលភ្លើង ដែលនៅចំកណ្តាលសួនច្បារយ៉ាងពេញទំហឹង ធ្វើឲ្យបង្គោលភ្លើងបាក់ប៉ើងចេញពីកន្លែងដើមមកលើផ្លូវថ្នល់ រងការខូចខាតទាំងស្រង់។ ចំណែករថយន្តក៏ក្រឡាប់ផ្ងារជើងទ្រមេឃ ខូចខាតយ៉ាងដំណំតែម្តង។
ភ្លាមៗក្រោយពេលកើតហេតុ គេបានឃើញបុរសអ្នកបើកបរម្នាក់ រងរបួសស្រាល បានលូនចេញពីក្នុងរថយន្តបម្រុងនឹងរត់គេចខ្លួនទៅហើយ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ និងយកមកធ្វើការសាកសួរនាំនៅប៉ុស្តិ៍តែម្តង។ រីឯរថយន្តក៏ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕




