
រាជធានីភ្នំពេញ៖ លោកគ្រូដែលរាំតាំងពីក្លោងទ្វារវិទ្យាល័យរហូតដល់ដងទង់ជាតិ ក្រោយអនុវត្តតាមការសន្យាជាមួយសិស្សនោះ ពេលនេះទទួលបានកោតសរសើរយ៉ាងខ្លាំង ពីលោកនាយករដ្ឋមន្ត្រីកម្ពុជា នៅចំពោះ ឥស្សរជនជាន់ខ្ពស់ លោកនាយក នាយិកាសាលា និងសិស្សឆ្នើមនិទ្ទេស A ទូទាំងប្រទេស ៤២៤នាក់។
ទោះបីជាសម្តេចតេជោ មិនបានបញ្ជាក់ពីឈ្មោះលោកគ្រូ ក្នុងជំនួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក៏ដោយ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី បានលើកសរសើរជាច្រើនចំណុចនូវសកម្មភាពរបស់លោកគ្រូ ទៀ សុធា ដែលបង្ហាញពីទឹកចិត្តដ៏ល្អផូរផង់លោកគ្រូ ក៏ដូចជាលោកគ្រូអ្នកគ្រូផ្សេងទៀត ដែលចង់ឲ្យសិស្សល្អ សិស្សពូកែ រហូតមានការភ្នាល់ជាមួយសិស្ស ដើម្បីបំផុសនិងជំរុញឲ្យសិស្សកាន់តែប្រឹងប្រែងយកនិទ្ទេសឲ្យបាន។

ក្រោយសិស្សខ្លួនបានជាប់និទ្ទេស A មែន លោកគ្រូ មិនបានមិនគោរពសម្តីនោះទេ គឺលោកគ្រូ គណិតវិទ្យា នៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មីរូបនេះ ក៏បានអនុវត្តតាមការសន្យាជាមួយសិស្សពិតប្រាកដមែន ដោយរាំតាំងរបងសាលារហូតដល់ដងទង់ជាតិ។ នេះសបញ្ជាក់ពីគុណធម៌របស់លោកគ្រូក្នុងការឲ្យគោរពនិងតម្លៃ ដល់សិស្ស ដោយមិនក្បត់ពាក្យសន្យាខ្លួននោះទេ។

ទន្ទឹងនេះលោកគ្រូ ទៀ សុធា ប្រាប់ខេឃ្យូបថា លោកគ្រូតាំងនាម វិទ្យាល័យសម្តេចហ៊ុនភ្នំពេញថ្មីសូមគោរពនិងដឹងគុណសម្តេចយ៉ាងខ្លាំងដែលសម្តេចបានសាងសង់សាលារៀន ប៉ុន្តែក្នុងនោះដែរលោកគ្រូក៏ស្នើសុំសម្តេចឲ្យជួយកសាងទីចាត់ការមួយផងដែរ ដោយសារតែវិទ្យាល័យនៅខ្វះខាត។

សូមបញ្ជាក់ផងដែរថានេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧នេះ មានបេក្ខជនទទួលនិទ្ទេស A ចំនួន ៤២៤នាក់ ខណៈដែលសិស្សប្រឡងជាប់បាក់ឌុបសរុប ៦៣,៦៦៨នាក់ ស្មើ៦៣.៨៤% ហើយក្នុងជំនួបរវាងប្រមុខរាជរដ្ឋាភិបាលនិងសិស្សនិទ្ទេសAនេះ សិស្សឆ្នើមទាំង ៤២៤នាក់នេះ ទទួលរង្វាន់ក្នុងម្នាក់ៗកាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយកពីប្រទេសហូឡង់មកវិញ) មួយ ipad មួយ និងថវិកា ២លានរៀល។

