
ភ្នំពេញៈ ប៉ូលិសខណ្ឌដូនពេញ សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ជាមុខសញ្ញាឆក់ និងប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ព្រមទាំងដកហូតម៉ូតូចំនួន៤គ្រឿងផងដែរ។
លោក ហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ សុទ្ធតែវ័យក្មេងទាំងនេះ ត្រូវបានបង្រ្កាបបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ដោយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ទី១-ឈ្មោះ វ៉ាន់ វិសាន់ ភេទប្រុស អាយុ១៦ឆ្នាំ, ទី២-ឈ្មោះ អឿន សុភ័ក្រ្តពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំ, ទី៣-ឈ្មោះ លី តុលា ភេទប្រុស អាយុ១៧ឆ្នាំ ,ទី៤-ឈ្មោះ តាំង គីមសួរ ភេទប្រុស អាយុ១៦ឆ្នាំ នៅចំណុចមុខវត្តបទុមវតី ផ្លូវស៊ូស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សារ (ឆក់កាបូបស្ពាយ)ដែលប្រព្រឹត្តិឡើង កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវលេខ១៧៨ កែងផ្លូវលេខ៥១ ភូមិទី១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
លោក បន្តទៀតថា ជនរងគ្រោះមានឈ្មោះ Svanfa Burgwinkel ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិ អាឡឺម៉ង់ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះលេខ២២ ផ្លូវ១០៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។សម្ភារៈបាត់បង់រួមមាន៖ កាបូបស្ពាយមួយ មាន លុយ120$, Credit Card១, ATM Card១, ATM អាឡឺម៉ង់១, និងID Card១ ។ចំណែកវត្ថុតាងដែលចាប់យកពីក្រុមជនសង្ស័យទាំងនោះមាន៖ ម៉ូតូ ម៉ាកសេ110(ប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-0020 លេខតួ-ម៉ាស៊ីន 8017316 ចំនួនមួយគ្រឿង និងម៉ាកSUZUKI NEX ពណ៌ខ្មៅក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GG-2021 លេខតួ-ម៉ាស៊ីន 322830 ចំនួនមួយគ្រឿង ។
លោកអធិការ បានបន្តទៀតថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់នេះ បានហើយ ដោយយោងតាមការសួរនាំរកបក្ខពួក រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត នៅថ្ងៃដដែរ ទី១. ឈ្មោះ អ៊ុន សុភ័ក្រ្តមិត្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះលេខ២៧៧ ផ្លូវ១៦១ សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី២.ឈ្មោះ លី ហុងចៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនប្រាកដមានទីលំនៅផ្ទះលេខ១៣៧ ផ្លូវលេខ១៦១ សង្កាត់អូឬស្សីទី២ ខណ្ឌ៧មក រារាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សារ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១១០ ភូមិទី៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រព្រឹត្តិឡើងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង១១និង៣០នាទីយប់ និងនៅចំណុចមុខក្រសួងរ៉ែ និងថាមពល ផ្លូវលេខ៥១ ភូមិ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧។
ចំណែកវត្ថុតាងចាប់យក ម៉ូតូមួយគ្រឿង ម៉ាកBeat ពណ៌ក្រហមស ពាក់ស្លាក លេខ ភ្នំពេញ 1GO-0551 ។ រីឯជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល២៥ឆ្នាំជនជាតិខ្មែរ(មិនបានដាក់ពាក្យបណ្តឹង) និងជនរងគ្រោះម្នាក់ទៀត មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិ ជប៉ុន (មិនបានដាក់ពាក្យបណ្តឹង) ។សម្ភារៈបាត់បង់កាបូបស្ពាយ ចំនួនមួយ ជារបស់ជនរងគ្រោះស្រី (មិនដឹងមានអ្វីខ្លះក្នុងកាបូប)និងកាបូបស្ពាយមួយទៀត ជារបស់ជនរងគ្រោះជាជនជាតិ ជប៉ុន (មិនដឹងមានអ្វីខ្លះ)។
អធិការខណ្ឌដូនពេញ បានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យទាំង៦នាក់ ដែលឃាត់ខ្លួនបានបន្តបន្ទាប់នេះ បានបញ្ជូនការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ចំនួន៤នាក់ នៅសល់២នាក់ទៀត កំពុងចាត់ការតាមនីតិវិធី នៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីស្រាវជ្រាវរកមុខសញ្ញាដែលសេសសលបន្តទៀត៕





