
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជា ធ្វើអ្វីៗដើម្បីតែការពារប្រទេសជាតិ និងការពារសន្តិសុខ ហេតុអ្វីបានជាប្រទេសខ្លះ ក្នុងឋានៈខ្លួនជាអ្នកទម្លាក់គ្រាប់បែកសម្លាប់ពលរដ្ឋខ្មែរ ជាច្រើននាក់ បែរជាមកចោទថា លុបបំបាត់លទ្ធិប្រជាធិបតេយ្យទៅវិញ។
សម្ដេច ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រោកឈរឡើង ដើម្បីការពារប្រទេស និងសន្តិភាព។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ផ្លូវវេងស្រេង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា “គេទម្លាក់សម្លាប់យើងបាន ចុះហេតុអ្វីគ្រាន់តែកម្ពុជា ការពារតាមផ្លូវច្បាប់ខុសដែរ? យើងខ្ញុំគ្មានអាវុធប្រល័យលោកទេ គ្មានសមត្ថភាពនាំកងទ័ពចេញពីរបងផ្ទះនោះទេ ប៉ុន្តែកម្ពុជា បាននាំកងទ័ពកម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមឆ័ត្រអង្គការសហប្រជាជាតិប៉ុណ្ណោះ។ ពួកខ្ញុំ គ្រាន់តែការពារសន្តិសុខទេ ហេតុអ្វីអ្នកឯងថា ខ្ញុំលុបបំបាត់លទ្ធិប្រជាធិបតេយ្យ”៕
