
ភ្នំពេញៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា នារសៀលថ្ងៃទី ៤ តុលា ឆ្នាំ២០១៧នេះ បានម្រេចចោទប្រកាន់មន្ត្រីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចំនួន៣នាក់ ដែលប្រមូលយកប្រាក់ពីស្មូមទាន ពីបទកំហែងយកដោយមានស្ថានទំងន់ទោស និងបទញុះញង់អោយដើរសុំទាន។
សេចក្ដីសម្រេចចោទប្រកាន់ និងបញ្ជូនទៅបើកការស៊ើបសួរនេះ ធ្វើឡើងក្រោយសមត្ថកិច្ចការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅថ្ងៃទី១ តុលា ២០១៧ នៅកន្លែងធ្វើការ ដោយមានកិច្ចសហការពីលោកស្រី មុំ ចាន់ដានី ប្រធានស្តីទីនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងស្តារនីតិសម្បទារាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការប្រមូលអ្នកសុំទានយកមកសាកសួរ និងស្រាវជ្រាវរកជនជាប់ពាក់ព័ន្ធរហូតដល់ឃាត់ខ្លួនបុគ្គលិករបស់មន្ទីរសង្គមកិច្ចចំនួន៣នាក់ ជាអ្នកសហការទទួលយកផលប្រយោជន៍ពីអ្នកសុំទាន និងជារនុកក្នុងផ្តល់ព័ត៌មានដល់អ្នកសុំទានឲ្យគេចខ្លួន ពេលសមត្ថកិច្ចចុះបង្ក្រាបតាមផ្លូវសាធារណៈនោះ។
ជនជាប់ចោទកេងប្រវ័ញ្ចពលកម្មលើកុមារ និងអ្នកសុំទានទាំង៣នាក់នោះ ទី១. ឈ្មោះ ឃុត នឹម ហៅ តាលឹម អាយុ ៥៥ឆ្នាំ ជាបុគ្គលិកមន្ទីរសង្គមកិច្ច ។ ២. ឈ្មោះ ហឹ ង សារ៉ូ ម ហៅតា រុំ អាយុ៤២ ឆ្នាំ ជាបុគ្គលិកមន្ទីរសង្គមកិច្ច ។ ៣. ឈ្មោះ សាន សិត ភេទប្រុស អាយុ ៤១ ឆ្នាំអតីតជាអ្នកសុំទានបច្ចុប្បន្នជា អ្នកដើរប្រមូលលុយពី អ្នក សុំទានតាមភ្លើងស្តុបឲ្យទៅឈ្មោះឃុត នឹម ហៅតាលឹម និងឈ្មោះ ហឹង សារ៉ូម ហៅ តា រុំ ។
តាមចម្លើយរបស់ជនត្រូវចោទបានឲ្យដឹងថា ពួកគេបានធ្វើសកម្មភាពប្រមូលលុយពីអ្នកសុំទាន រៀងរាល់ថ្ងៃ នៅតាមភ្លើងស្តុប ដោយអ្នកសុំទានម្នាក់ ត្រូវបង់១ម៉ឺនទៅ១ម៉ឺន២ពាន់រៀលក្នុង១ថ្ងៃ ហើយ១សប្តាហ៍ទើប ឈ្មោះ សាន សិត យកលុយប្រគល់ឲ្យតាលឹម និងតា រុំម្តងដោយតាលឹម យកចំណែកអ្នកដើរសុំនៅស្តុប អាងទឹក ស្តុបពេទ្យចិន ស្តុបផ្សារដើមគរ និងភូមិសាស្ត្រក្បែរគ្នា រីឯតារុំ យកចំណែកពីអ្នកដើរសុំនៅស្តុបកាណា ឌីយ៉ាស្តុបបូកគោ និងប៉ែកខាងមាត់ទន្លេ។
ពួកគេ បានបន្តថា ការយកលុយរបស់តា លឹម និងតា រុំ ពីអ្នកសុំទាននេះ ជាថ្នូរជាមួយនឹងការផ្តល់ព័ត៌មាននៅពេលណា ដែលមន្ទីរសង្គមកិច្ច និងសមត្ថកិច្ចចុះបោសសំអាតប្រមូលអ្នកសុំទានអ្នកញៀនថ្នាំ និងក្មេងអានាថា តាមដងផ្លូវតែ បើពួកអ្នកសុំទានទាំងនោះមិនព្រមបង់លុយឲ្យទេ ឈ្មោះ សាន សិត គំរាមថា នឹងរាយការណ៍ឲ្យខាងមន្ទីរសង្គមកិច្ច និងសមត្ថកិច្ចចុះចាប់ពួកគេក្នុងនោះក៏មានអ្នកសុំទានជាច្រើនពិតជាត្រូវបានឈ្មោះ សាន សិត រាយការណ៍ឲ្យតាលឹម និងតា រុំ នាំក្រុមការងារសង្គមកិច្ចចុះបង្ក្រាបមែនពេលដែលពួកគេមិនព្រម បង់លុយតាមការទាមទារ។
ចំណាត់ការរបស់ប្រធានស្តីទីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការវះកាត់ដង្កូវចេញពីសាច់ឯងនៅពេលនេះពិតជាធ្វើឲ្យហាជនមានការភ្ញាក់ផ្អើលដោយមិននឹកស្មានតាំងខ្លួនជាមេបក្សស្មូមហើយប្រមូលយកលុយប្រចាំថ្ងៃពីអ្នកសុំទានចឹងសោះ ។
ដូច្នឹងតើបានជាកន្លងមកសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បានសហការជាមួយមន្ទីរសង្គមកិច្ច និងអង្គការ ពាក់ព័ន្ធធ្វើការចុះប្រមូលអ្នកសុំទានជាច្រើនករណីមកហើយ ប៉ុន្តែមិនចេះអស់សោះ ដឹងអីមានអ្នកបញ្ជាឲ្យប្រមែប្រមូលលុយពីអ្នកស្មូមតាមផ្លូវចឹងសោះ៕


