Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រុម​ហ៊ុន​ Facebook​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រជាជន​អាមេរិក​ច្រើន​ជាង​ ១២៦លាន​នាក់​ ទទួល​បាន​ព័ត៌មាន​ ឬ​មាតិកា​បោក​ប្រាស​ ដែល​បង្ហោះ​ ដោយ​ភ្នាក់ងារ​សម្ងាត់​រុស្ស៊ី​ មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ផ្ទាល់​ ក្នុង​រយៈ​ពេល​០២ឆ្នាំ​ចុង​ក្រោយ​។ នេះ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ BBC​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧។

ក្រុមហ៊ុន​ Facebook​ បាន​និយាយ​ថា​ ព័ត៌មាន​ ឬ​មាតិកា​រហូត​ដល់​ ៨ម៉ឺន​លើក​ ត្រូវ​បាន​បង្ហោះ​មុន​ និង​បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ កាល​ពី​ឆ្នាំ​២០១៦ ហើយ​ក្នុង​ចំណោម​មាតិកា​ទាំងនេះ​ ភាគច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​សារ​សង្គម​ និង​នយោបាយ។ ម្យ៉ាង​វិញ​ទៀត​ ក្រុមហ៊ុន​នេះ​ បាន​ចេញ​ផ្សាយ​តួលេខ​ នៅ​មុន​ពេល​ព្រឹទ្ធសភា​អាមេរិក​ នឹង​ធ្វើ​សវនកម្ម​ទាក់ទង​នឹង​សំណុំ​រឿង​នេះ​ ជា​មួយ​ក្រុមហ៊ុន​ Twitter និង​ Google ដើម្បី​បញ្ជាក់​ថា​ រុស្ស៊ី​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បណ្ដាញ​សង្គម​ ដ៏​មាន​ប្រជាប្រិយភាព​ទាំង​ពីរ​នេះ​។

នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ Google ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ វីដេអូ​ជាង​ ១ពាន់​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ YouTube​ តាម​គណនី​ចំនួន​ ១៨ខុស​ៗ​គ្នា​ និង​ Twitter បាន​រក​ឃើញ​ ព្រម​ទាំង​ផ្អាក​គណនី ២.៧៥២ នាក់​ ដែល​ត្រូវ​បាន​តាមដាន​ ដោយ​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត​ ថា​ គឺ​ជា​ក្រុមហ៊ុន​រុស្ស៊ី​។

ជុំវិញ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​ ប្រទេស​រុស្ស៊ី​ បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ នូវ​ការ​ចោទ​ប្រកាន់​ថា​ ខ្លួន​បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​ ប្រធានាធិបតី​អាមេរិក​ចុង​ក្រោយ​ ដែល​ក្នុង​នោះ​លោក​ ដូណាល់ ត្រាំ​ បាន​ផ្ដួល​ភាគី​លោក​ស្រី​ ហ៊ីលឡារី​ គ្លីនតុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មាតិកា​បោក​ប្រាស​ខាង​លើ​នេះ​ ត្រូវ​បាន​បង្ហោះ​ នៅ​ចន្លោះ​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ រហូត​ដល់​ខែ​សីហា ឆ្នាំ​២០១៧ ហើយ​ Facebook ថែមទាំង​បញ្ជាក់​ទៀត​ថា​ នៅ​ពី​ក្រោយ​ការ​ បង្ហោះ​ព័ត៌មាន​ ចំនួន​ច្រើន​នេះ​ គឺ​ក្រុមហ៊ុន​រុស្ស៊ី​មួយ​ មាន​ទំនាក់ទំនង​នឹង​វិមាន​ក្រឹម​ឡាំង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor