
ក្រុមផលិតករភាពយន្ដជាច្រើននាក់ ជាពិសេសលោក Meng Ly SA ប្រធានគ្រប់គ្រងនៅផលិតកម្មរ៉ក់ បានសម្ដែងនូវអារម្មណ៍តានតឹងចំពោះមន្ត្រីជំនាញយកលុយពន្ធថ្លៃក្នុងការផលិតខ្សែភាពយន្ដ និងបានអំពាវនាវដល់បងប្អូនប្រជាជនកម្ពុជាទាំងអស់ មេត្តាជ្រាប ស្វែងយល់ និងធ្វើការពិចារណា អំពីអ្វីទៅដែលហៅថា ការលើកទឹកចិត្តវិស័យភាពយន្ដខ្មែរ ក៏ដូចជាសិល្បៈវប្បធម៌ ?
១– ចំពោះរឿងខ្នាតខ្លី (រឿងដុំ) ចុះបញ្ជីសុំច្បាប់ចេញថត បង់២០ម៉ឺនរៀល (ពីមុនតែ១០ម៉ឺនរៀលប៉ុណ្ណោះ)។ ពេលសុំទិដ្ឋាការដើម្បីមានសិទ្ធិបញ្ចាំង បង់១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀល តាមកម្រិតនៃរឿង។
២– សុំបន្តផលិតកម្មរយៈពេល១ឆ្នាំ បង់១៥ម៉ឺនរៀល (ពីមុនបន្តបាន២ឆ្នាំ តែបង់២០ម៉ឺនរៀល) នេះមិននិយាយពីការសុំច្បាប់បើកផលិតកម្មដំបូងទេ។
៣– ចំពោះរឿងខ្នាតវែង (រឿងភាគ) ក្នុងមួយភាគមានរយៈពេល៤០នាទី ទទួលបានលុយផលិតក្នុងមួយភាគ ពី១៣០០ដុល្លារ ទៅ ៣០០០ដុល្លារ (ទើបតែឡើងថ្លៃតិចក្នុងឆ្នាំ២០១៧នេះទេ)។
៤– រឿងភាគថៃ ក្នុងមួយភាគមានរយៈពេល៤០នាទីដូចគ្នា ទទួលបានលុយផលិតក្នុងមួយភាគ ពី៣០០០០ដុល្លារ ទៅ១៥០០០០ដុល្លារ (តាមប្រភេទរឿង)។
៥– រឿងភាគវៀតណាម ក្នុងមួយភាគមានរយៈពេល៤០នាទីដូចគ្នា ទទួលបានលុយផលិតក្នុងមួយភាគ ពី១៥០០០ដុល្លារ ទៅ៥០០០០ដុល្លារ(តាមប្រភេទរឿង)។
៦– រឿងភាគកូរ៉េ ក្នុងមួយភាគមានរយៈពេល៤០នាទីដូចគ្នា ទទួលបានលុយផលិតក្នុងមួយភាគ ពី១០០០០០ដុល្លារ ទៅ១លានដុល្លារ(តាមប្រភេទរឿង)។នៅឆ្នាំ២០១៨ រដ្ឋតម្រូវអោយបង់ពន្ធគ្រប់មុខទៀត តើវិស័យសិល្បៈទី៧ នេះ នឹងទៅជាយ៉ាងណា? ករណីតំណាងពន្ធដារ និងក្រសួងវប្បធម៌ នឹងលើកសំណើរបស់ លោក ឆាយ បូរ៉ា តំណាងឲ្យផលិតករទាំងអស់ ទៅនាយករដ្ឋមន្រ្តី ដើម្បីព្យួរពន្ធ ឬមិនយកពន្ធរយៈពេល ១០ឆ្នាំ , ប៉ុន្តែលទ្ធផលយ៉ាងណាមិនទាន់ដឹងទេ៕


