
ភ្នំពេញៈ លោក អ៊ី ឋាវរៈ ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ បានសម្រេចប្រកាសសាលក្រមលើកលែងការចោទប្រកាន់លើជនជាប់ចោទជាអ្នករត់តាក់ស៊ី ដែលរងការចោទប្រកាន់ថា បានធ្វើបាត់បញ្ញើមាស៣៩តម្លឹង និងលុយ២ម៉ឺនដុល្លារ របស់អាជីករផ្ញើពីផ្សារកំពង់ស្ពឺម្នាក់។
ជនជាប់ចោទក្នុងសំណុំរឿងនេះឈ្មោះ ហួ សុខឡេង អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្តឈ្នួល ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត តាមមាត្រា ៣៩១, ៣៩២ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្ត កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅបេនរថយន្តផ្សារអូរឫស្សីតាមបណ្តោយផ្លូវឧកញ៉ាទេពផន សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។ រីឯដើមបណ្តឹងជាម្ចាស់បញ្ញើរឈ្មោះ លឹម សុខអេង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់មាស ប្តូរប្រាក់ នៅក្រុងច្បារមនខេត្តកំពង់ស្ពឺ។

នាពេលសវនាការស្ត្រីជាដើមបណ្តឹងឈ្មោះ លឹម សុខអេង បានទាមទារ មាស៣៩តម្លឹង និង ប្រាក់២ម៉ឺនដុល្លារមកវិញ និងទាមទារសំណងជំងឺចិត្តចំនួន៤ម៉ឺនដុល្លារពីជនជាប់ចោទ។ ជាមួយគ្នានេះដែរ នាពេលសវនាការ លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការនៃសំណុំរឿងនេះ បានធ្វើសេចក្តីសន្និដ្ឋានប្តឹងសុំតម្កល់បទចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត តាមមាត្រា ៣៩១, ៣៩២ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទទៅតាមច្បាប់។
បើទោះបីជាយ៉ាងណា ការប្តឹងសុំតម្កល់បទចោទរបស់លោក ហ៊ឹង ប៊ុនថន បទចោទប្រកាន់លើជនជាប់ចោទ ហួ សុខឡេង ពុំបានជោគជ័យឡើយ ខណៈលោកអ៊ី ឋាវរៈ បានប្រកាស លើកលែងបទចោទតែម្ដង នៅពេលប្រកាសសាលក្រមនេះ៕
