
នាវាដឹកសព្វាវុធរបស់កូរ៉េខាងជើងមួយគ្រឿង ត្រូវបានរឹបអូសភ្លាមៗ បន្ទាប់ពីដឹកគ្រាប់មីស៊ីលច្រើនជាង ៣ម៉ឺនគ្រាប់ យកទៅផ្គត់ផ្គង់ប្រទេសអេហ្ស៊ីប ចំពេលភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង នៅតែបន្តកើនឡើងជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។

ទំនិញមេដឹកនាំលោកគីមជុងអ៊ុន ត្រូវបានឃាត់នៅតាមផ្លូវ ដោយសារអាមេរិក បានព្រមានទីក្រុងគែរ អំពីកប៉ាល់នេះ
កាលពីខែសីហាកន្លងទៅ មានសារសម្ងាត់មួយត្រូវបានបញ្ជូន ពីទីក្រុងវ៉ាស៊ីនតោន ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដោយបានព្រមានថា នាវាដ៏អាថ៌កំបាំងមួយគ្រឿង បានធ្វើដំណើរ ឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ ដែលមានកាពីតែននាវាឈ្មោះ ជី ស៊ុន (Jie Shun) មានដោតទង់ជាតិប្រទេសកម្ពុជា។
ជុំវិញបញ្ហានេះ ស្ថានទូតអេហ្ស៊ីបប្រចាំទីក្រុងវ៉ាស៊ីនតោន នៅតែបញ្ជាក់ពីតម្លាភាពរបស់អេហ្ស៊ីប និងកិច្ចសហប្រតិបត្តិការជាមួយក្រុមមន្ត្រីអង្គការសហប្រជាជាតិ (UN) ក្នុងការស្វែងរក និងបំផ្លាញអាវុធហាមឃាត់ទាំងអស់។ ស្ថានទូតអេហ្ស៊ីប បានចេញសេចក្ដីថ្លែងការណ៍ថា “អេហ្ស៊ីប នឹងបន្តគោរព និងអនុវត្តរាល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈយើងកំពុងដាក់កំហិតលើការទិញអាវុធពីកូរ៉េខាងជើង”។
គួរបញ្ជាក់ដែរថា បើទោះជាកំពុងជាប់ទណ្ឌកម្មពី UN ក៏ដោយ គេនៅតែរកឃើញថា របបដឹកនាំលោក គីម ជុងអ៊ុន អាចរកបានចំណូលតាមរយៈការលក់អាវុធ និងបរិក្ខារយោធាដោយសម្ងាត់ទៅកាន់អតិថិជនរបស់ខ្លួនមានដូចជា៖ អ៊ីរ៉ង់ មីយ៉ាន់ម៉ា គុយបា ស៊ីរី អេរីតត្រេ និងអេហ្ស៊ីប ជាដើម៕