
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមកំហែងដកកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសអីុរ៉ង់ ប្រសិនបើសភាអឺរ៉ុប និងសម្ព័ន្ធមិត្តអាមេរិក មិនយល់ព្រមពង្រឹងកម្លាំងរបស់លោក នៅពេលដែលលោកបង្ហាញនូវគោលនយោបាយថ្មីមួយដ៏តឹងតែង ចំពោះរដ្ឋអីុស្លាម។

លោក ត្រាំ បាននិយាយនៅក្នុងសុន្ទរកថាដ៏ធំមួយនៅឯសេតវិមានថា ដូចដែលខ្ញុំបាននិយាយច្រើនលើកច្រើនសា ទាក់ទងនឹងកិច្ចព្រមព្រៀងអីុរ៉ង់ គឺជាប្រតិបត្តិការមួយដ៏អាក្រក់បំផុត និងជាផ្នែកមួយដែលសហរដ្ឋអាមេរិក មិនធ្លាប់មាន។ លោក បានបន្តទៀតថា “អីុរ៉ង់ បរាជ័យក្នុងការបំពេញតាមការរំពឹងទុករបស់យើង នៅក្នុងប្រតិបត្តិការរបស់ខ្លួន នៃការកកស្ទះការងារការទូតជាច្រើន និងការគំរាមកំហែង អ្នកត្រួតពិនិត្យអន្តរជាតិ មិនឲ្យប្រើប្រាស់សិទ្ធិអំណាចពេញលេញរបស់ពួកគេ”។

លោក ត្រាំ ក៏បានចោទប្រកាន់អតីតប្រធានាធិបតីអាមេរិកលោក អូ បាម៉ា អំពីការដកទណ្ឌកម្មលើប្រទេសអីុរ៉ង់ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ នៅពេលដែលរបបនៅអ៊ីរ៉ង់ ជិតដួលរលំដែលជាការវាយតម្លៃ ផ្ទុយនឹងទស្សនៈរបស់អ្នកជំនាញជាច្រើន។

ជុំវិញបញ្ហានេះ លោក អូ បាម៉ា បានច្រានចោលការចោទប្រកាន់ ដោយចេតនា និងការសមគំនិតគ្នាជាមួយអីុរ៉ង់ ពីកិច្ចព្រមព្រៀងនេះ ដោយលើកហេតុផលថា ការគំរាមកំហែងរបស់អាមេរិក នឹងកាន់តែអាក្រក់ បើសិនជាអីុរ៉ង់ អាចបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេលខ្លីខាងមុខនេះ៕