Sponsor
អាម៉ាប៉ាប៉ាញ៉ូស

លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រខេត្តកំពង់ចាម និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ កូតាពីបក្សសិទ្ធិមនុស្ស និងជាអតីតមន្ត្រីបក្សសម រង្ស៊ី កំពុងរងការចោទប្រកាន់តែក្បត់បក្ស ត្រៀមធ្វើរដ្ឋប្រហារបក្សតាមបញ្ជា លោក ហ៊ុន សែន។

កាលពីប៉ុន្មានថ្ងៃមុន មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអ្នកគាំទ្ររបស់គណបក្សប្រឆាំង ដោយចោទប្រកាន់លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រខេត្តកំពង់ចាម និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ កូតាពីបក្សសិទ្ធិមនុស្ស និងលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា ថាបានលួចបញ្ជីបេក្ខជនព្រឹទ្ធសភារបស់គណបក្សយកទៅដាក់នៅ គ.ជ.ប យ៉ាងតក់ក្រហល់ ហើយថាឈ្មោះបេក្ខភាពព្រឹទ្ធសភានេះគឺមិនទាន់បានសម្រេចជាផ្លូវការពីថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់នៅឡើយទេ។

នៅថ្ងៃនេះដែរ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចេញវិដេអូឃ្លីប ដោយចោទប្រកាន់ លោក ម៉ៅ មុន្នីវណ្ណ ថាបានក្បត់បក្ស ដោយរៀបចំគម្រោងធ្វើបក្សប្រហារ។ 

ក្នុងវីដេអូឃ្លីបនេះដែរ លោក សម រង្ស៊ី បានកោតសរសើរលោក កឹម សុខា ជាប្រធានដ៏ក្លាហាន ដែលមិនខ្លាចការគំរាមគំហែង។ លោកក៏ទទួលស្គាល់ថាអ្នកតំណាងរាស្រ្តនិងជួរថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិក្នុងនោះមានលោក ម៉ៅ មុន្នីវណ្ណ មានគម្រោងធ្វើបក្សប្រហារដោយផ្លាស់ប្តូរមេដឹកនាំបក្សតាមការបញ្ជាពីអ្នកដទៃ។

គួររំលឹកថា លោក ម៉ៅ មុន្នីវណ្ណ ធ្លាប់រងការចោទប្រកាន់ថាលោកបានឆ្លើយឆ្លងតាម WhatApps ជាមួយមន្ត្រីខុទ្ទកាល័យលោក ហ៊ុន សែន ជុំវិញការរៀបចំគម្រោងផែនការឱ្យលោក កឹម សុខា ឡើងជាប្រធានបក្សសង្គ្រោះជាតិ អំឡុងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ កន្លងទៅ។

ប៉ុន្តែយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការថ្ងៃនេះ លោក ម៉ៅ មុន្នីវណ្ណ៖ ខ្ញុំ ម៉ៅ មុនីវណ្ណ ទោះបីពលីជីវិត ក៏មិនរត់ចោលសមរភូមិ និងមិនលក់ឧត្តមគតិជាដាច់ខាត! អ្នកលាបពណ៌ មួលបង្កាច់ និងអ្នកបន្ទរ ចុងក្រោយអ្នកនឹងមានវិប្បដិសារី ជាក់ជាមិនខាន(បើអ្នកស្ថិតក្នុងតម្លៃជាមនុស្សពិត)។

តើលោក ម៉ៅ មុន្នីវណ្ណ ពិតជាក្បត់បក្ស?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor