Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ៦ តុលា ឆ្នាំ២០១៧ បានបញ្ជូនមន្ត្រីថ្នាក់អនុប្រធាននាយកដ្ឋានក្រសួងសង្គមកិច្ចម្នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងសម្លាប់ស្ត្រីម្នាក់ បំបិទមាត់ ដោយសារតែការជំពាក់បំណុលជនរងគ្រោះវ័ណ្ឌ​ក។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនដៃដល់ ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ប្លុង ពិសិដ្ឋ ភេទប្រុសអាយុ៣៤ឆ្នាំ មានមុខរបរជាអនុប្រធាននាយកដ្ឋានយុវនីតិសម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នាក់នៅផ្ទះលេខ១០ និងលេខ១២ បុរីពិភពថ្មិសែនសុខ ផ្លូវលេខ១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកបក្ខពួកជនដៃដល់២នាក់ទៀត បានរត់គេចខ្លួនអស់ហើយ ក្រោយពីប្រព្រឹត្តអំពើព្រៃផ្សៃលើជនរងគ្រោះជានារីភេទ។

តាមរយៈវីដេអូរឃ្លីបរយៈពេល១នាទីនិង៤១វិនាទី នៅកន្លែងកើតហេតុបានបង្ហាញនូវសកម្មភាពរបស់ក្រុមជនដៃដល់វាយតប់បោចសក់ទាត់ធាក់បោកជនរងគ្រោះផ្ទប់ និងឥដ្ឋការ៉ូ ច្របាច់.កយ៉ាងព្រៃផ្សៃគ្មានក្ដីមេត្តាអ្វីបន្តិចសោះ កុំតែបានម្ចាស់ហាង និងសន្តិសុខបុរីមកជួយទាន់ពេលវេលា កុំអីស្ត្រីរងគ្រោះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតទៅហើយ ។

ហេតុការណ៍ព្រៃផ្សៃររបស់ក្រុមជនដៃដល់ធ្វើមកលើជនរងគ្រោះបានកើតឡើងតាំងពីថ្ងៃទី ៦ កញ្ញា ឆ្នាំ២០១៧មកម្ល៉េះ នៅក្នុងភោជនីយ​ដ្ឋានមួយទល់មុខបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាល និងព្រះរាជអាជ្ញាអមតុលាការ ទើបព្រះរាជអាជ្ញាបញ្ជាឲ្យ​សមត្ថកិច្ចចាប់ខ្លួនជនដៃដល់អនុវត្តតាមច្បាប់។

បើតាមសមត្ថកិច្ច បានឲ្យ​ដឹងថា ជនរងគ្រោះ ក្នុងហេតុការណ៍ ត្រូវគេវាយប៉ុនប៉ងសម្លាប់ ដើម្បីបំបិទមាត់ ដោយសារតែជនដៃដល់ជំពាក់ប្រាក់នោះ ឈ្មោះ ស រ ភេទស្រី អាយុ២៨ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មាន បានឲ្យ​ដឹងទៀតថា នៅថ្ងៃកើតហេតុជនដៃដល់ឈ្មោះ ប្លុង ពិសិដ្ឋ ដែលជាអ្នកជំពាក់ប្រាក់ជនរងគ្រោះ បានណាត់ជនរងគ្រោះឲ្យ​ចេញមកក្រៅ ដើម្បីនិយាយគ្នាដោយឈ្មោះ ប្លុង ពិសិដ្ឋ បើករថយន្តម៉ាកម៉ាស្ដា ពណ៌ស ស្លាកលេខភ្នំពេញ 2AB-4800 ទៅដឹកជនរងគ្រោះនៅផ្សារស៊ីឡឹប ហើយបើកទៅសង្កាត់ភ្នំពេញថ្មីដឹកមិត្តភ័ក្រឈ្មោះ គង់ ស្រ៊ីន យកទៅភោជនីយ​ដ្ឋានមួយនៅទល់មុខបុរីអង្គរភ្នំពេញសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ នៅពេលទៅដល់មិនទាន់បាននិយាយគ្នា រឿងលុយជំពាក់ទេ ជនរងគ្រោះក៏បានសុំឈ្មោះ ប្លុង ពិសិដ្ឋ មកផ្ទះមួយភ្លែត ដោយសារមានធុរៈបន្ទាន់ ។ លុះដល់ម៉ោងប្រមាណ៩និង២០នាទីយប់ទើបជនរងគ្រោះត្រឡប់មកវិញ ក៏ឃើញឈ្មោះ ប្លុង ពិសិដ្ឋ ឈ្មោះ គង់ ស្រ៊ីន និងបក្ខពួកម្នាក់ទៀតឈ្មោះខៀវ នៅអង្គុយចាំដដែល ។

ប្រភពព័ត៌មាន បានឲ្យ​ដឹងទៀតថា ពេលជនរងគ្រោះត្រឡប់មកវិញមិនទាន់បានអង្គុយចុះផង ស្រាប់តែឈ្មោះ ប្លុង ពិដិដ្ឋ ស្ទុះមកវាយជនរងគ្រោះកណ្ដាលមុខបណ្ដាលឲ្យ​ដួលខ្ពោក ហើយបន្តវាយបោចសក់ ចាប់បោកផ្ទប់ និងតុ បោកផ្ទប់ និងឥដ្ឋការ៉ូ ចាប់ច្របាច់កជនរងគ្រោះបំណងសម្លាប់ចោល បណ្ដាលឲ្យ​មានការភ្ញាក់ផ្អើលពេញហាង។ ឃើញសកម្មភាពព្រៃផ្សៃដូច្នេះម្ចាស់​ហាង និងអ្នករត់តុបានចូលទៅជួយអន្តរាគមន៍ ទើបក្រុមជនដៃដល់រត់គេចខ្លួនពីកន្លែងកើតហេតុបាត់អស់ទៅ ។ លុះដល់ថ្ងៃទី៧ កញ្ញា ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអោយជួយរកយុត្តិធម៌ ព្រោះទង្វើរបស់ក្រុមជនដៃដល់មានលក្ខណសាហាវព្រៃផ្សៃ គ្មានចិត្តធម៌មេត្តាអាងខ្លួនជាមន្ត្រីរាជការ មានបុណ្យស័ក្ដិធំជំពាក់ប្រាក់គេមិនសងហើយចង់សម្លាប់ម្ចាស់​បំណុលបំបិទមាត់ទៀត។

មហាជន ដែលបានមើលឃើញវីដេអូរឃ្លីបស្ដីពីសកម្មភាពព្រៃផ្សៃរបស់ក្រុមជនដៃដល់ទៅលើជនរងគ្រោះជានារីភេទ កំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច និងតុលាការចំពោះក្រុមជនដៃដល់នេះយ៉ាងយកចិត្តទុកដាក់ ដោយសាតែក្រោយសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ឈ្មោះ ប្លុង ពិដិដ្ឋ មានតួនាទីជាអនុប្រធាននាយកដ្ឋានរួចមក មានមន្ត្រីមួយចំនួនធ្វើអន្តរាគមន៍ឲ្យ​មានការសម្របសម្រួល ប៉ុន្តែខាងសមត្ថកិច្ច ដែលអនុវត្តច្បាប់មិនយល់ព្រមចំពោះទង្វើព្រៃផ្សៃនោះ ហើយដាច់ខាតត្រូវតែបញ្ជូនជនដៃដល់ទៅតុលាការអនុវត្តតាមនីតិវិធី ទុកជាមេរៀនឲ្យ​ជនដទៃទៀតកុំយកគំរូតាម ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor