
ក្រសួងការបរទេសអាមេរិក បានអនុម័តចំពោះគម្រោងការលក់ប្រព័ន្ធការពារមីស៊ីល THAAD ក្នុងតម្លៃ ១៥ពាន់លានដុល្លារ ទៅកាន់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន thehill បានចេញផ្សាយនាយប់ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
តាមសេចក្ដីថ្លែងការណ៍របស់មន្ទីរបញ្ចកោណអាមេរិក បានឲ្យដឹងថា ប្រព័ន្ធការពារមីស៊ីលចំនួន ៤៤គ្រឿង, គ្រាប់មីស៊ីល ៣៦០គ្រាប់, ឧបករណ៍គ្រប់គ្រងប្រតិបត្តិការ ១៦គ្រឿង និងប្រព័ន្ធរ៉ាដា ០៧គ្រឿង។ គម្រោងនៃការលក់សព្វាវុធដ៏ទំនើបនេះ ស្ថិតក្រោមក្របខណ្ឌនៃកញ្ចប់បរិក្ខារ និងសេវាកម្មយោធាសរុបជាតម្លៃ ១១០ពាន់លានដុល្លារ ដែលត្រូវបានប្រកាសជាលើកដំបូង កាលពីអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់អារ៉ាប៊ីសាអ៊ូឌីត។

គួរបញ្ជាក់ផងដែរថា គម្រោងនៃការលក់ប្រព័ន្ធមីស៊ីលអាមេរិក ខាងលើនេះ នឹងជួយបង្កើនសមត្ថភាពរបស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងការការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងដោយមីស៊ីលផ្លោង ដែលកំពុងកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា៕
