Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បានបើករថយន្តមួយគ្រឿង ព្យាយាមគេចពីម៉ូតូជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ និងបាក់របងមុខផ្ទះអស់២ខ្នង បង្កជាការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី កាលពីវេលាម៉ោង១៖១០នាទី ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ក្បែររបងវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្តីអ្នកបើកបររថយន្តខាងលើ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាក កាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7315 ខណៈពេលកំពុងបើកបរមានម៉ូតូមិនចាំម៉ាកមួយគ្រឿង ជិះមកយ៉ាងលឿន ធ្វើឲ្យគាត់វាក់ ហើយក៏បួងចង្កូតគេចពីម៉ូតូនោះខ្លាំងពេក ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋតែម្តង។ គាត់បន្តទៀតថា ហេតុការណ៍នេះ កើតឡើងភ្លាមៗ គឺមិនបានបង្កឲ្យមានមនុស្សរងរបួសនោះឡើយ ប៉ុន្តែរថយន្តរបស់គាត់ បានរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យរបងមុខផ្ទះរបស់ប្រជាពលរដ្ឋបាក់អស់ចំនួន២ខ្នង ដែលនៅជាប់គ្នានោះផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះមកកន្លែងកើតហេតុ ហើយធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor