
ភ្នំពេញៈ បុរសជាជនជាតិបរទេសម្នាក់ បានផឹកស៊ីស្រវឹងកាលពីយប់ លុះព្រឹកឡើងបានមករករឿងប្រពន្ធ និងយកកែវស្រាមកវាយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្សារសូរិយាម៉ល តាមបណ្តោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រពន្ធ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ប្តីរបស់គាត់បានទៅហូបស្រានៅទល់មុខហាងរបស់គាត់ រហូតដល់យប់ជ្រៅបន្តិច ស្រាប់តែត្រូវមិត្តភក្តិហៅទៅជក់ថ្នាំយ៉ាងយូររហូតទល់ភ្លឺបានត្រឡប់មកផ្ទះវិញ លុះព្រឹកឡើងវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ប្តីរបស់គាត់បានត្រឡប់មកផ្ទះ បានរករឿងមកលើរូបគាត់ និងយកកែវស្រាយកវាយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ដៃខាងស្តាំ និងឈានហូរស្រោចពេញខ្លួន។

ក្រោយពីកើតហេតុ ស្ត្រីដែលជាប្រពន្ធបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយចុះមកអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យ ខណៈពេលដែលរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុ ស្រាប់តែបុរសជាជនជាតិបរទេសនោះ មិនព្រមឡើងរថយន្តសង្គ្រោះបន្ទាន់នោះឡើយ។
បច្ចុប្បន្ន ជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចចាប់យកទៅមន្ទីរពេទ្យ និងបញ្ជូនខ្លួនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



