
ភ្នំពេញៈ ប្រតិបត្តិការចាប់បង្រ្កាបមុខសញ្ញាចោរឆក់ដ៏សកម្ម ដែលតែធ្វើសកម្មភាពនៅក្នុងរាជធានីភ្នំពេញនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ និងកម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញ បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់បន្ថែមទៀត ព្រមទាំងដកហូតបានម៉ូតូចំនួន៣គ្រឿង កាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ១៤២ កែងផ្លូវ៦៧ មុខភោជនីដ្ឋាន(សូរិយា) ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ទី១.ឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៨ឆ្នាំ ទី២.ឈ្មោះ សុខ ដា ភេទប្រុស អាយុ១៦ឆ្នាំ ទី៣.ឈ្មោះ មាស ភិម ភេទប្រុស អាយុ១៥ឆ្នាំ ទី៤.ឈ្មោះ ភេង លីគីមសួរ ភេទប្រុស អាយុ១៥ឆ្នាំ និងជនសង្ស័យ២នាក់ទៀត មិនបានស្គាល់អត្តសញ្ញានទេ។

មន្រ្តីនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ បានឲ្យដឹងទៀតថា មុខពេលឃាត់ខ្លួនក្រុមជនសង្ស័យទាំង៦នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនេះ គឺកម្លាំងនគរបាលប៉ុសិ៍ផ្សារថ្មីទី២ និងនគរបាលខណ្ឌដូនពេញ បានធ្វើការល្បាតតាមមូលដ្ឋាន ក៏ឃើញក្រុមជនសង្ស័យទាំង៦នាក់ បានធ្វើសកម្មភាពឆក់កាបូបជនបរទេស មិនបានសម្រេច ក៏ត្រូវសមត្តកិច្ចដេញចាប់បានទាំង៦នាក់ និងដកហូតម៉ូតូ៣គ្រឿងនិច២គ្រឿង ប៊ីក១គ្រឿង ដែលពួកគេជិះធ្វើសកម្មភាព។ ភ្លាមៗជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងម៉ូតូ ចំនួន៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍ផ្សារថ្មីទី២ និងបញ្ចូនបន្តទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី៕



