
ប្រធានគណៈកម្មាធិការការពារជាតិរុស្ស៊ី បានប្រាប់ឲ្យដឹងថា ទីក្រុងម៉ូស្គូ នឹងដាក់ពង្រាយកងកម្លាំងយោធា រួមទាំងប្រព័ន្ធការពារមីស៊ីល Iskander-M បន្ថែមទៀតនៅទីក្រុង Kaliningrad ភាគខាងលិចប្រទេស ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយកងកម្លាំងអាមេរិក បន្ថែមក្នុងប្រទេសប៉ូឡូញ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាយប់ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៧។

ប្រធានគណៈកម្មាធិការការពារជាតិរុស្ស៊ី លោក Vladimir Shamanov ជាអតីតមេបញ្ជាការទ័ពអាកាស បាននិយាយថា ក្រុងម៉ូស្គូ នឹងឆ្លើយតប យ៉ាងពិតប្រាកដ ចំពោះការសាងសង់មូលដ្ឋានយោធា នៅតាមព្រំដែនភាគខាងលិចរបស់ខ្លួន និងពង្រឹងសមត្ថភាពប្រព័ន្ធការពារមីស៊ីល Iskander-M ផងដែរ។


សមាជិកសភារុស្ស៊ីម្នាក់ មិនបញ្ចេញឈ្មោះ បានរិះគន់សកម្មភាពរបស់អាមេរិកនៅអឺរ៉ុបខាងកើត ដោយនិយាយថា ក្រុងវ៉ាស៊ីនតោន កំពុងកសាងកងទ័ពនៅក្នុងតំបន់ ដោយមិនពិគ្រោះយោបល់ជាមួយរុស្ស៊ី និងរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិថែមទៀតផង។វីដេអូជាច្រើន បានបង្ហោះតាមរយៈវេបសាយ Youtube ដែលបង្ហាញជាក់ស្ដែងពីក្បួនរថយន្តយោធាអាមេរិក (Bradley Fighting Vehicles) រាប់សិបគ្រឿង ដែលកំពុងបើកបរតាមដងផ្លូវនៃទីប្រជុំជនប្រទេសអាឡឺម៉ង់ ដែលស្ថិតនៅរដ្ឋសាស្យូនី ឆ្ពោះទៅកាន់ប្រទេសប៉ូឡូញ។
គួរបញ្ជាក់ផងដែរថា សមយុទ្ធយោធា ដែលបានធ្វើឡើងនៅក្នុងប្រទេសប៉ូឡូញ និងស៊ុយអែត ខណៈពេលដែលមេដឹកនាំរុស្ស៊ី និងបេឡារុវ បានព្យាយាមអស់ពីសមត្ថភាព ដើម្បីធ្វើសមយុទ្ធ Zapad មានតម្លាភាព ដោយអញ្ជើញ អ្នកសង្កេតការណ៍បរទេសចំនួន៩០នាក់ មកពី ៦០ប្រទេស៕