
កងកម្លាំងអាកាសកូរ៉េខាងត្បូង (ROKAF) បានប្រកាសទិញយន្តហោះគ្មានមនុស្សបើក Northrop Grumman RQ-4 Global Hawk ចំនួន០៤គ្រឿង ដែលជាយន្តហោះសេរីទំនើបចុងក្រោយ បានសាងសង់លើកិច្ចសន្យាយោធាសហរដ្ឋអាមេរិក សម្រាប់បេសកកម្មស៊ើបអង្កេត នៅឧបទ្វីបកូរ៉េ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnikn បានចុះផ្សាយនាព្រឹកថ្ងៃសៅ ទី២១ ខែតុលា ឆ្នាំ២០១៧។

កងកម្លាំងអាកាសកូរ៉េខាងត្បូង (ROKAF) បាននិយាយថា យន្តហោះគ្មានមនុស្សបើក Northrop Grumman RQ-4 Global Hawk ចំនួន០៤គ្រឿង ដែលមានតម្លៃប្រមាណ ២២៣លានដុល្លារ ត្រូវបានទិញសម្រាប់ស៊ើបការណ៍សម្ងាត់ និងការស៊ើបអង្កេតថ្មីរបស់កូរ៉េខាងត្បូង។ មន្ត្រីកងទ័ពអាកាសម្នាក់ បានប្រាប់ឲ្យដឹងថែមទៀតថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានប្រាប់សមាជិកសភាថា ការទិញយន្តហោះនេះ នឹងត្រូវបានបញ្ជូនចំនួន០២គ្រឿងនៅខែធ្នូ ឆ្នាំនេះ ចំណែកឯពីរគ្រឿងទៀត នឹងបញ្ជូននៅឆ្នាំ២០១៩។

គួរបញ្ជាក់ផងដែរថា យន្តហោះ Global Hawks បានឃើញការដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន សម្រាប់ប្រតិបត្តិការរុករក និងជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះមហន្តរាយ ដូចជាការរញ្ជួយដី Tohoku និងរលកយក្សស៊ូណាមិ ឆ្នាំ២០១១ នៅប្រទេសជប៉ុន និងព្យុះ Haiyan ឆ្នាំ២០១៣ នៅក្នុងប្រទេសហ្វីលីពីន៕