
រាជធានីភ្នំពេញ៖ បុគ្គលិកធនាគារអេស៊ីលីដា៤នាក់ នៅព្រឹកថ្ងៃទី១៣តុលានេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះពាក់ព័ន្ធករណីបាត់លុយធនាគារជិត ២ លានដុល្លារ តែសវនាការសួរដេញដោលនេះ ធ្វើបានតែព្រឹកប៉ុណ្ណោះ ត្រូវចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង ប្រកាសលើកពេលបន្តទៅថ្ងៃទី២៦ ខែតុលា វិញ។

ជនជាប់ចោទ៤ ដែលត្រូវបានចៅក្រមសើបសួរចោទប្រកាន់ពីបទ ”រំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬ បុគ្គលផ្សេងទៀត និង បទ ក្លែងបន្លំ “ តាមមាត្រា ៣៩១ មាត្រា៣៩៣ មាត្រា៦២៦ និងមាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ និងនាំខ្លួនមកជំនុំជម្រុះនៅព្រឹកនេះ មានម្នាក់ជាប្រធានការិយាល័យឥណទានស្រុកឯកភ្នំ ខណៈជាបីនាក់ទៀតបុគ្គលិកធនាគារ។
ពាក់ព័ន្ធករណីនេះ តាមប្រភពព័ត៌មានឲ្យដឹងថា បានកើតឡើងតាំងពីឆ្នាំ ២០១៤ រហូតមកដល់ឆ្នាំ ២០១៦ បុគ្គលិកអេស៊ីលីដាសាខាខេត្តបាត់ដំបងខាងលើ បានឃុបឃិតគ្នា ដោយក្លែងបន្លំឯកសារក្នុងរូបភាពជាអតិថិជនខ្ចីប្រាក់ ប៉ុន្តែសុទ្ធតែជាកូនខ្មោច ចំនួន១២ ឯកសារ និងដកប្រាក់អស់ចំនួន ១,៧លានដុល្លារ៕ រូបភាព៖Phorn Sophal
