Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមហ៊ុនLYP Group Co Ltd នឹងប្រគល់ហេដ្ឋានរចនាសម្ព័ន្ធជាច្រើន មកអោយរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការគ្រប់គ្រងនិងថែរក្សា ដើម្បីទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បម្រើដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។

តំណាងក្រុមហ៊ុនLYP Group កិច្ចប្រជុំ​ស្ដីពី​ការត្រៀមប្រគល់ស្ពានលី យ៉ុងផាត់ ហៅស្ពានព្រែកព្នៅ ផ្លូវ ភ្លើង និងដើមឈើមកឲ្យរាជធានី គ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី១២តុលា បានឲ្យដឹងថា ក្នុងនាមតំណាងអោយក្រុមនឹងអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមហ៊ុននឹងលែងយកលុយពីការឆ្លងស្ពាននេះចាប់ពីថ្ងៃទី ១៥ តុលា វេលាម៉ោង១២៖០០នាទី។

តំណាងក្រុមហ៊ុនបន្តថា ចំពោះហេដ្ឋានរចនាសម្ព័ន្ធជាច្រើន មានដូចជា ស្ពានលី យ៉ុងផាត់ ផ្លូវចេញពីខាងកើតស្ពាន មានប្រវែងជាង៧គីឡូម៉ែត្រ អំពូលភ្លើងបំភ្លឺផ្លូវ ស្ពាន និងដើមឈើជាដើម ក្រុមហ៊ុននឹងប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ តុលា ដើម្បីគ្រប់គ្រង និងថែរក្សាបន្ត។

លោក ឃួង ស្រេង បានឲ្យដឹងថា អនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្ពានលីយ៉ុងផាត់ នឹងត្រូវដាក់ឲ្យធ្វើដំណើរ ដោយមិនយកប្រាក់នៅថ្ងៃទី១៥តុលា ចាប់ពីម៉ោង១២និង០០នាទី ឆ្នាំ២០១៧នេះតទៅ ហើយនៅថ្ងៃទី១៦ រដ្ឋបាលរាជធានី នឹងរៀបចំពិធីទទួលយកស្ពាននេះ មកគ្រប់គ្រងជាសម្បត្តិរាជធានីភ្នំពេញ ដើម្បីដាក់អោយប្រជាលរដ្ឋបានធ្វើដំណើរដោយមិនយកប្រាក់រហូតតទៅ។

លោកបន្តថា នេះជាការគិតគូរមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ។ លោកបន្តថា ការផ្តល់ផ្លូវស្ពានអោយធ្វើដំណើរនេះ ជាការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ មានន័យថា មានផ្លូវមានស្ពាន គឺមានក្តីសង្ឃឹម ។ ការសម្រេចរបស់ប្រមុខនៃរាជរដ្ឋាភិបាលនេះ គឺជាការគិតគូរ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដូចជាការលុបចោលបង់ថ្លៃឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវលេខ២០០៤ ឬផ្លូវម៉ៃដា កាលពីពេលកន្លងទៅផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥តុលា ជាការផ្ដល់កាដូដ៏ធំមួយជូនដល់ជនរួមជាតិទូទាំងប្រទេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានប្រកាសទិញស្ពាន និងផ្លូវលីយ៉ុងផាត់ ព្រែកព្នៅ មកគ្រប់គ្រងវិញ ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនបាច់បង់ថ្លៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor