
ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋព្រួតគ្នាវាយសល់តែដង្ហើមចង្រិត ក្រោយពីរូបគេធ្វើសកម្មភាពបន្លំចូលទៅលួចអូសយកម៉ូតូចេញពីកន្លែងផ្ញើ តែត្រូវម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោព័ន្ធចាប់វាយតែម្ដង ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះទេ អាយុជាង២០ឆ្នាំ ក្រោយធ្វើសកម្មភាព ពលរដដ្ឋស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើងសន្លប់ស្តូកស្ដឹងនៅកន្លែងកើតហេតុ។ ចំណែកម៉ូតូ ដែលជនសង្ស័យប៉ុនប៉ងលួចនោះ ម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-9206 ម្ចាស់ឈ្មោះ សុត ចន្ថន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់បានយកម៉ូតូទៅផ្ញើនៅមុខផ្សារ រួចដើរចូលផ្សារ រកទិញអីវ៉ាន់ លុះដើរចេញមកកន្លែងផ្ញើម៉ូតូវិញ ក៏ក្រឡេកឃើញជនសង្ស័យ កំពុងបណ្តើរម៉ូតូគាត់ គាត់ក៏ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋក្បែរខាង ព័ទ្ធចាប់បានចោរវាយយ៉ាងចាស់ដៃ។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ អន្តរាគមន៍ ហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ប៉ុន្តៃស្ថិតក្រោមការការពារពីសមត្ថកិច្ចផងដែរ៕