
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានបង្ហើបឲ្យដឹងថា ទីក្រុងព្យុងយ៉ាង ត្រៀមខ្លួនរួចជាស្រេច នូវកងកម្លាំងយោធា និងអាវុធនុយក្លេអ៊ែរសេរីថ្មីជាច្រើន ដើម្បីទុកសម្រាប់ធ្វើសង្គ្រាមលោកលើកជាមួយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចេញផ្សាយនាព្រឹកថ្ងៃសៅ ទី០៧ ខែតុលា ឆ្នាំ២០១៧។
មេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន បានព្រមានសហរដ្ឋអាមេរិក ថា នឹងមានការវិនាសធំបំផុតពីទុក្ខវេទនានៃសង្គ្រាមលោកលើកជាមួយទីក្រុងព្យុងយ៉ាង ហើយគ្មាននរណាម្នាក់ ចាកចេញពីសោកនាដកម្មនេះបានឡើយ។

ទីភ្នាក់ងារ KCNA បាននិយាយថា “សហរដ្ឋអាមេរិក មិនសប្បាយចិត្តចំពោះការរំលោភលើទណ្ឌកម្មថ្មីៗរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដំណោះស្រាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយថែមទាំងដាក់ទណ្ឌកម្មលើប្រទេសដទៃទៀតក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយទីក្រុងព្យុងយ៉ាង”។

គួរបញ្ជាក់ផងដែរថា នៅក្រោមច្បាប់ថ្មីដែលអនុម័តដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនត្រូវបានអនុញ្ញាតឲ្យនាំចូលផលិតផល ដែលផលិតដោយកម្មករកូរ៉េខាងជើងនៅគ្រប់ទីកន្លែងក្នុងពិភពលោក នៅពេលដែលលោក នៅតែបន្តចូលរួមសង្គ្រាមពាក្យសម្ដីជាមួយ គីម ជុងអ៊ុន៕
